ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ភាពយន្ត "Joker" (ចូកឃើ) វគ្គពីរ ដែលមានការវិលត្រឡប់ជាថ្មីរបស់តារាសម្ដែង Joaquin Phoenix (វ៉ាឃីន ហ្វីនិច) បានកំណត់ថ្ងៃចាក់បញ្ចាំងនៅឆ្នាំ២០២៤ រយៈពេលប្រាំឆ្នាំបន្ទាប់ពីការចាក់បញ្ចាំងវគ្គដំបូង។
វគ្គបន្តនៃភាពយន្តឈ្នះពានរង្វាន់អូស្ការ "Joker" (ចូកឃើ) គ្រោងនឹងចាក់បញ្ចាំងតាមរោងភាពយន្តនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យផលិតកម្ម Warner Bros (វ៉ននើ ប្រូស៍)។
វគ្គបន្ទាប់នេះមានចំណងជើងពេញថា "Joker: Folie a Deux" (ចូកឃើ ហ្វូលលី អាដឺ) ដោយមានតារាសម្ដែង Joaquin Phoenix (វ៉ាឃីន ហ្វីនិច) ត្រឡប់មកកាន់កាប់តំណែងតួឯកសាជាថ្មី។
ទាក់ទងនឹងសាច់រឿងនៃវគ្គពីរនេះមិនទាន់មានការបញ្ចេញឲ្យដឹងច្រើននៅឡើយទេ ប៉ុន្តែការចុះផ្សាយរបស់ស្ថាប័នព័ត៌មានហូលីវូដឈ្មោះថា Variety (វ៉ារ៉ាយធី) បានឲ្យដឹងថាវគ្គថ្មីនេះនឹងមានលក្ខណៈជាសាច់រឿងបែបតន្ត្រីដោយរំពឹងថាតារាចម្រៀងស្រី Lady Gaga (ឡេឌី ហ្គាហ្គា) នឹងដើរតួជា Harley Quinn (ហាលី ខ្វីន) ដែលជាដៃគូរបស់ Joker (ចូកឃើ)។
គួរដឹងថាភាពយន្ត "Joker" (ចូកឃើ) ដែលចេញផ្សាយកាលពីឆ្នាំ២០១៩ ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយភាពយន្តនេះអាចឈ្នះពានរង្វាន់អូស្ការជាភាពយន្តដែលមានសាច់រឿងដើមល្អដាច់គេ និងបានជួយឲ្យតារាសម្ដែង Joaquin Phoenix (វ៉ាឃីន ហ្វីនិច) ឈ្នះពានរង្វាន់តារាសម្ដែងប្រុសឆ្នើមថែមទៀតផង។
ដើមឡើយភាពយន្ត "Joker" (ចូកឃើ) នេះមិនមានផែនការផលិតវគ្គពីរនោះទេ ប៉ុន្តែក្រោយការឈ្នះពានរង្វាន់ និងក្រោយពីអាចស្វែងរកប្រាក់ចំណូលបានលើសពី ១ពាន់លានដុល្លារ ធ្វើឲ្យ ផលិតកម្ម Warner Bros (វ៉ននើ ប្រូស៍) គិតគូរឡើងវិញលើការផលិតវគ្គបន្តនេះ៕