ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

Mister Supranational Cambodia 2022 ឡៅ បញ្ញា រំភើបចិត្តខ្លាំងក្រោយទទួលបាន Visa ត្រៀមចេញទៅប្រកួតនៅយប់នេះ !

០៦ កក្កដា ២០២២ | កម្សាន្ដ

 

បុរសសង្ហា ឡៅ បញ្ញា ទទួលបានវីសាហើយ ដើម្បីចេញទៅប្រកួតនៅក្នុងកម្មវិធី Mister Supranational 2022 ដែលរៀបចំឡើងនៅប្រទេស ប៉ូឡូញ បើទោះបីជាមានការយឺតយ៉ាវក្នុងការចេញទៅប្រកួតក្តី ។ 

 

ពេលនេះបុរសសង្ហា ឡៅ បញ្ញា កំពុងស្ថិតនៅប្រទេស ថៃ និងបន្តត្រៀមខ្លួនចេញទៅប្រកួតក្នុងកម្មវិធី Mister Supranational 2022 ដែលរៀបចំឡើងនៅប្រទេស ប៉ូឡូញ  នៅយប់នេះ បន្ទាប់ពីលោកទទួលបានវីសាកាលពីម៉ោង ២ រសៀលថ្ងៃនេះ ។ បើទោះបីជាមានការយឺតយ៉ាវក្នុងការចេញទៅប្រកួត ឡៅ បញ្ញា នៅតែបន្តដំណើរដោយក្តីជឿជាក់ និងបេ្តជ្ញាចិត្តធ្វើឱ្យបានល្អបំផុត ។ 


ពេលនេះបេក្ខជនដែលចូលរួមប្រកួតក្នុងកម្មវិធី Mister Supranational ដែលរៀបចំឡើងនៅប្រទេស ប៉ូឡូញ បានជួបជុំគ្នាអស់ហើយ តែសម្រាប់ កម្ពុជា មានការយឺតយ៉ាវបន្តិចក្នុងការចេញទៅប្រកួតដោយ សារបញ្ហាមួយចំនួន ។  

 


លោក ឡៅ បញ្ញា បេក្ខជនតំណាងកម្ពុជា ទៅចូលរួមប្រកួត Mister Supranational 2022 បានបញ្ជាក់ពីប្រទេស ថៃ មកថា លោក នឹងហោះហើរទៅប្រទេស ប៉ូឡូញ នៅយប់នេះហើយក្រោយពីទទួលបានវីសាពីស្ថានទូត ប៉ូឡូញ ប្រចាំនៅប្រទេស ថៃ ។

 


 លោកពិតជារំភើបចិត្តខ្លាំងណាស់ដែលអាចទទួលបានវីសាចេញទៅប្រកួត  ដើម្បីបំពេញតួនាទីជាបេក្ខជនតំណាង កម្ពុជា ទោះបីជាការចេញទៅប្រកួតនេះ មានការយឺតយ៉ាវបន្តិចក្តី តែលោកបានតាំងចិត្ត ប្រឹងប្រែងធ្វើអស់ពីសមត្ថភាព ។ 

 


ជាមួយនិងការតាំងចិត្ត និងការជឿជាក់ក្នុងការចេញទៅប្រកួត Mister Supranational  នេះ លោក ឡៅ បញ្ញា បានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញខ្លួននៅលើឆាកអន្តរជាតិ ទាំងការ ឆ្លើយសំនួរ ការរៀបចំសម្លៀកបំពាក់ ការតែងខ្លួន រួមជាមួយការបញ្ចេញសមត្ថភាពនានា ជាពិសេសនោះ ឡៅ បញ្ញា ក៏បានត្រៀមបង្ហាញនូវក្បាច់គុណល្បុក្តតោ ជាមួយនឹងឈុតសម្លៀកបំពាក់ច្នៃយ៉ាងប្រណិតពីលោក សួន តាម៉ីង ក្រុម របាំខ្មែរ ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ ។ 

 


លោក ឡៅ បញ្ញា បានបន្ថែមទៀតថា មិនថាលទ្ធផលការប្រកួតយ៉ាងណាទេ លោកនឹងខិតខំប្រឹងប្រែង តស៊ូ ពុះពារដលវគ្គផ្តាច់ព្រ័ត្រ និងធ្វើឱ្យអស់លទ្ធភាព ពីព្រោះការប្រកួត ជាប់ឬធ្លាក់ គឺជារឿងធម្មតា តែអ្វីដែលធ្វើឱ្យ លោកមានកម្លាំងចិត្តឈរជើងនៅលើឆាកនេះបាន ក៏ព្រោះតែមានការជួយជ្រោមជ្រែង និងផ្តល់កម្លាំង ចិត្តពីអ្នកគាំទ្រ ។

 

 

លោក ឡៅ បញ្ញា ក៏បានអរគុណ និងអំពាវនាវឱ្យអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ចូលរួមគាំទ្រលោកឱ្យបានច្រើន ព្រោះនេះជាមុខមាត់របស់ កម្ពុជា ។លោក ឡៅ បញ្ញា មិនត្រឹមតែជាបុរសសង្ហារនិងមានសមត្ថភាពខ្ពស់ប៉ុណ្ណោះទេ លោកថែមទាំងជាតារាសម្តែង តារាបង្ហាញម៉ូដ គ្រូបង្ហាត់កីឡា និង ជាអ្នកលេងកីឡាដ៏ល្បីល្បាញមួយរូប ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ផ្តល់ឱ្យ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024