ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥
សត្វខ្លាញីស៊ីបេរីអាយុ ១៧ ឆ្នាំមួយក្បាលអាចបង្កើតបានកូនចំនួន ៤ ក្បាលនៅក្នុងពេលតែមួយនៅសួនសត្វខ្លាតំបន់ស៊ីបេរី ហេងទាវហេហ្ស៊ី (Hengdaohezi) ស្ថិតនៅក្នុងទីក្រុងហៃលីន (Hailin) នៅក្នុងខេត្តហេឡុងជាំង (Heilongjiang) នៅភាគឦសានប្រទេសចិន។
មេសត្វខ្លាស៊ីបេរីនេះបានបង្កើតកូនជាច្រើនឆ្នាំមកហើយ ហើយកូនខ្លាចំនួន ៤ ក្បាលចុងក្រោយនេះបានកើតនៅថ្ងៃទី២៩ ខែឧសភាក្នុងនោះកូនខ្លាញី ៣ ក្បាល និងឈ្មោលមួយក្បាល ហើយតាំងពីកើតមកទល់ពេលនេះ ក្រុមអ្នកថែសួនសត្វហេងទាវហេហ្ស៊ីនេះកំពុងតាមដានយ៉ាងដិតដល់ពីសុខភាពរបស់មេខ្លា និងកូនក្លារបស់វា។
អ្នកថែសួនសត្វម្នាក់ឈ្មោះ ហ្សាង យីងយីង បាននិយាយថា តាំងពីកូនខ្លានេះកើតមក ពួកគេបានចិញ្ចឹមកូនខ្លាទាំងនេះដោយឱ្យផឹកទឹកដោះពពែលាយជាមួយស៊ុតចំនួន ២០ គ្រាប់ជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនោះដែរ ពួកគេបានថ្លឹងកូនខ្លារៀងរាល់ព្រឹកដើម្បីតាមដានថាតើវាឡើងទម្ងន់ឬក៏អត់ ហើយពួកគេនឹងចិញ្ចឹមសត្វខ្លាទាំងនេះដោយបន្ថែមទឹកដោះពពែជាបន្តទៀត។
តាំងពីចូលដល់ខែឧសភាមក សួនសត្វនេះបានទទួលភ្ញៀវថ្មីដែលជាកូនសត្វខ្លាសរុបចំនួន ២៣ ក្បាលដែលបានកើតក្នុងរយៈពេលពីរបីសប្ដាហ៍មកនេះ។ វាជាពេលវេលាដ៏មមាញឹកសម្រាប់ក្រុមអ្នកមើលថែសួនសត្វព្រោះពួកគេត្រូវតាមដានយ៉ាងដិតដល់នូវកូនខ្លាតូចៗដែលកូនខ្លាខ្លះប្រឈមនឹងការបោះបង់ចោលពីមេរបស់វាដូច្នេះហើយគេត្រូវការចិញ្ចឹមវាដោយឱ្យវាបៅជាមួយដបទឹកដោះគោ។
សួនសត្វខ្លាស៊ីបេរីគឺជាផ្នែកដ៏សំខាន់មួយនៃមជ្ឈមណ្ឌលបង្កាត់ពូជសត្វខ្លាស៊ីបេរីរបស់ប្រទេសចិនដែលជាមជ្ឈមណ្ឌលបង្កាត់ពូជសត្វខ្លាប្រភេទនេះដ៏ធំបំផុតនៅក្នុងពិភពលោក ហើយសួនសត្វនេះបានបើកដំណើរការនៅឆ្នាំ១៩៨៦ដោយមានសត្វខ្លាចំនួន ២០ ក្បាល ហើយឥឡូវនេះមានចំនួនសរុបជាង ១ ០០០ ក្បាលដែលកំពុងរស់នៅក្នុងព្រៃ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន