ថ្ងៃច័ន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥
ក្រសួងពាណិជ្ជកម្មកម្ពុជា ស្នើរដ្ឋាភិបាលចិន អោយពន្លឿនការចរចាលើ ពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មកម្ពុជាមួយចំនួន និងពន្លឿនការចុះហត្ថលេខាសម្រាប់ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។
នៅក្នុងសន្និសីទស្តីពី «ការផ្សព្វផ្សាយពិព័រណ៍ទំនិញនាំចូលចិន អន្តរជាតិលើកទី៥ នៅប្រទេសកម្ពុជា» កាលពីពេលថ្មីៗនេះ ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងពីកាលានុវត្តភាព និងកំណើននៃទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនរហូតដល់ ៣៨% បើធៀបនឹងឆ្នាំ២០២០ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្រជាបន្តបន្ទាប់ដែលជាការតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិនលើគ្រប់វិស័យ ពិសេសលើការជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឱ្យមានប្រៀបលើការប្រកួតប្រជែងក្នុងរបត់ទីផ្សារសកលដែលកំពុងមានចលនាក្នុងសម័យឌីជីថល ៤.០។
ក្នុងឱកាសនេះ ឯកឧត្តម ក៏បានស្នើដល់រដ្ឋាភិបាលចិនពន្លឿនការចរចាលើ ពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មមួយចំនួន និងពន្លឿនចុះហត្ថលេខាសម្រាប់ការនាំចេញផ្លែមៀន ម្នាស់ ធុរេន ស្រកានាគ ម្រេច សំបុកទឹកមាត់ត្រចៀកកាំ និងដូងពីប្រទេសកម្ពុជា ចូលទីផ្សារចិន ឱ្យបានកាន់តែឆាប់តាមតែអាចធ្វើបាន ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។
សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាព និងកាលានុវត្តភាពនៃការធ្វើធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការត្រៀមលក្ខណៈរបស់ប្រទេសកម្ពុជា ដើម្បីរៀបចំចូលរួមពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិកម្រិតពិភពលោកលើកទី៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខ។
ជាការកត់សម្គាល់ ប្រទេសកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលចិនអន្ដរជាតិដោយជោគជ័យ បានចំនួន ៤លើក រួចមកហើយចាប់តាំងពីឆ្នាំ២០១៨ រហូតមក។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាពិព័រណ៍ទំនិញនាំចូលចិនអន្ដរជាតិ គឺជាវេទិកាពាណិជ្ជកម្មមួយដ៏សំខាន់សម្រាប់ពិភពលោកទាំងមូល ក្នុងការផ្លាស់ប្តូរទំនិញ សេវា គម្រោងវិនិយោគ និងទេសចរណ៍រវាងប្រទេសចូលរួមមកពីគ្រប់តំបន់ជុំវិញពិភពលោក ហើយការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ បានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន កាន់តែរឹងមាំមួយកម្រិតថែមទៀត។
បើយោងតាមរបាយការណ៍ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចេញកសិផលកម្ពុជាទៅក្រៅប្រទេសក្នុងឆ្នាំ ២០២១ សម្រេចបានជិត ៨ លានតោន កើនឡើង ៦៣ ភាគរយបើធៀបទៅនឹងឆ្នាំ ២០២០ និងទទួលបានចំណូលជិត ៥ ពាន់លានដុល្លារ។
គួរបញ្ជាក់ថា បើគិតក្នុងរយៈពេល១ឆ្នាំពេញ នៃឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន បានកើនឡើងដល់ ៣៧.២៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដោយទំហំទឹកប្រាក់ ដែលកម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារចិនបានកើនឡើងដល់ជាង១,៥ពាន់លានដុល្លារ ឬ៣៩.០៣ ភាគរយ ខណៈការនាំចូលពីទីផ្សារចិនកើនឡើងដល់ជាង ៩,៦ពាន់លានដុល្លារ ឬ៣៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ នេះបើយោងតាមស្ថិតិរបស់អគ្គនាយកគយនិងរដ្ឋករកម្ពុជានៃក្រសួងពាណិជ្ជកម្ម៕
អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ក្រសួងពាណិជ្ជកម្ម