ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

វិលមកវិថីសិល្បៈវិញលើកនេះ លី ច័ន្ទសីហា ថាជីវិតមេម៉ាយកូនមួយ សប្បាយចិត្តជាងជីវិតគូ ! 

២៣ មិថុនា ២០២២ | កម្សាន្ដ

 

 

តារាសម្តែង លី ច័ន្ទសីហា មិនខ្វល់និងគេហៅខ្លួនថាជាស្រ្តីមេម៉ាយនោះទេ ផ្ទុយទៅវិញនាងបែរជារីករាយជាមួយជីវិតជានារីមេម៉ាយ ដែលមានលុយចាយហ៊ឺហារដែលជាកម្លាំងញើសឈាមខ្លួន ហើយនាងរីករាយសម្រាប់ការវិលត្រឡប់មកកាន់វិថីសិល្បៈជាថ្មី ។ ស្របពេលលេចមុខក្នុងរឿង « ពេលម៉ែចាស់ទៅ » ស្រាប់តែតារាទឹកភ្នែកអ្នកនាង លី ច័ន្ទសីហា បង្ហាញពីជីវិតរស់នៅម្នាក់ឯង សប្បាយជាងជីវិតមានគូ ដូច្នេះហើយទើបនាងមិនទាន់សាងជីវិតគ្រួសារថ្មី ដោយកំពុងតែរីករាយបន្ថែមទៀតលើវិថីសិល្បៈក្រោយពេលត្រឡប់មកជាថ្មី ។

 

 

មានឈ្មោះជាមេម៉ាយយូរឆ្នាំហើយតារាសម្ដែងរូបនេះមិនដែលឈឺក្បាលនិងគេហៅខ្លួនថាមេម៉ាយដែរ ពីព្រោះមេម៉ាយសម័យនេះ គឺអាចធ្វើអ្វីបានទាំងអស់ សំខាន់ឱ្យមានមុខរបររកស៊ីដោយខ្លួនឯង មិនចាំ បាច់ពឹងលើនរណាម្នាក់ ។ដូចដឹងស្រាប់ហើយថាអ្នកនាងជានារីរឹងមាំម្នាក់ តាំងពីបែកបាក់ស្វាមីជាច្រើនឆ្នាំ នាងមិនបានបណ្តោយខ្លួនរស់ក្នុងសមុទ្រទុក្ខឡើយ ផ្ទុយទៅវិញនាងបានខំប្រឹងបង្កើតមុខរបរជាច្រើនដើម្បីចិញ្ចឹមជីវិត និងចិញ្ចឹមកូនស្រី ដែលទើបតែមានវ័យជាង ៤ ឆ្នាំ ។

 

 

លី ច័ន្ទសីហា បានប្រាប់ថា តាំងពីបែកគ្រួសារ នាងទទួលរងនូវរឿងរ៉ាវជាច្រើន រហូតមានរឿងខ្លះទទួលយកសឹងតែមិនបាន តែដើម្បីជីវិតរស់ និងមើលថែកូន នាងមិនខ្វល់ពីសម្តីនរណាទាំងអស់ ។  ជាមួយនិងការប្រកាសធ្វើជា Single Mum នាងក៏ត្រៀមនឹងទទួលការងារសិល្បៈឡើងវិញេដែរ ជាក់ស្តែង ក្រោយពីវត្តមាននៅក្នុងរឿង « ពេលម៉ែចាស់ទៅ » បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់ អារម្មណ៍ រហូតធ្វើឱ្យ លី ច័ន្ទសីហា មានបំណងចង់សាងស្នាដៃក្នុងវិស័យសម្តែងឡើងវិញ ។

 

 

លី ច័ន្ទ សីហា បានបន្ថែមទៀតថា ពេលនេះនាងសុំរៀបចំការងាររកស៊ីរបស់ខ្លួនឱ្យដំណើរការល្អសិន យ៉ាងយូរនៅបំណាច់ឆ្នាំ ២០២២ នេះ នាងមានស្នាដៃថ្មីៗបង្ហាញទស្សនិកជនហើយ ។ បច្ចុប្បន្ន លី ច័ន្ទសីហា មានអារជីវកម្មជាច្រើនកន្លែង ជាពិសេសថ្មីៗនេះនាងទើបតែបោះទុនប្រាក់ រាប់សែនដុល្លារ សង់ផ្ទះចិញ្ចឹមត្រចៀកកាំ ដូច្នេះហើយនាងមិនខ្លាចជីវិតខ្លួនជួបនូវការលំបាកអត់ប្រាក់ ចាយនោះទេ ៕ 

 

 


អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024