ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

ខណៈរឿង"រសជាតិអ្នកមានវគ្គ៣" កំពុងចាក់ផ្សាយ សូ ស៊ីតា ជាតួអង្គម្នាក់ក្នុងរឿងនេះ សង្ឃឹមអ្នកទស្សនាទទួលបានតម្លៃអប់រំខ្ពស់!

២៣ មិថុនា ២០២២ | កម្សាន្ដ

 

តារាសម្តែង សូ ស៊ីតា ដែលជាតួអង្គម្នាក់ក្នុងរឿង «រសជាតិអ្នកមាន វគ្គ៣» បានបង្ហាញក្តីរំពឹងថា អ្នកទស្សនានឹងទទួលបានតម្លៃអប់រំខ្ពស់ពីរឿងនេះ ព្រោះរឿងនេះបានផ្តល់មេរៀន និងបង្រៀនឱ្យយល់តម្លៃក្រុមគ្រួសារ និងផ្តោតខ្លាំងលើការលើកកម្ពស់តម្លៃរបស់ស្ត្រីនាងពេលបច្ចុប្បន្ន។


វណ្ណកម្មស្នាដៃភាពយន្តភាគថ្មីរបស់អ្នកនិពន្ធ និងដឹកនាំរឿងជើងចាស់អ្នកស្រី ពាន់ ភួងបុប្ផា គឺរឿង «រសជាតិអ្នកមាន វគ្គ៣» វគ្គ ហេឡូអ្នកម៉ាក់ កំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៨ យប់តទៅ។រឿងនេះ ត្រូវសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ដោយមានធាតុសំខាន់ៗចំនួន៣ ដើម្បីឱ្យទស្សនិកជនទស្សនាហើយប្រាកដជាមិនខកបំណង។ ធាតុសំខាន់ៗចំនួន៣នោះគឺ ឆ្អឹងរឿង ការអភិវឌ្ឍន៍ឃ្លាសន្ទនានិងរូបភាព និង តួសម្តែង។

 

 

តួយ៉ាង តារាសម្តែង សូ ស៊ីតា ក៏មានវត្តមានក្នុងរឿងភាគថ្មីនេះផងដែរ ដោយក្នុងរឿងនេះ នាងត្រូវសម្តែងជាតួអង្គស្រីមុំចាស់។ តារារូបនេះថា តួអង្គ ឌីកា ដែលនាងសម្តែងក្នុងរឿងនេះ ផ្តល់មេរៀនឱ្យជីវិតពិតនាងជាច្រើន និងបង្រៀនឱ្យស្គាល់ពីតម្លៃរបស់ក្រុមគ្រួសារ ហើយក៏ផ្តោតខ្លាំងលើការលើកកម្ពស់តម្លៃរបស់ស្ត្រីផងដែរ។ស្រីស្រស់សោភាពនេះសង្ឃឹមថាអ្នកទស្សនានឹងទទួលបានតម្លៃអប់រំខ្ពស់ពីរឿង «រសជាតិអ្នកមាន វគ្គ៣» ដែលកំពុងចាក់បញ្ចាំងនៅពេលនេះ។

 


សូ ស៊ីតា មានអារម្មណ៍ថាប្លែកម៉្យាងដែលទទួលសម្តែងជាតួអង្គស្រីមុំចាស់ មានចរិកសុភាពរាបសារស្លូតបូត ព្រោះកន្លងមករូបនាងធ្លាប់តែសម្តែងជាតួអង្គកាច ឆ្នាស់ឆ្នើម ឈ្នានីស បែបនារីស៊ិចស៊ី។ ការសម្តែងជាតួអង្គសុភាពរាបសារ ស្លូតបូត ធ្វើឱ្យតារាសម្តែងរូបនេះមានភាពលំបាកបន្តិចមែន ប៉ុន្តែកញ្ញាចាត់ទុកថាវាជាបទពិសោធន៍ និងជាមេរៀនថ្មីក្នុងអាជីពជាតារាសម្តែង។

 

 

សូមជម្រាបថា រឿង «រសជាតិអ្នកមាន វគ្គ៣» ត្រូវអ្នកវាយតម្លៃសង្ឃឹមថានឹងនាំមកនូវការអប់រំខ្ពស់ក្នុងសង្គមបច្ចុប្បន្ន។ កន្លងមក អ្នកនិពន្ធ ម៉ីសន សុធារី ដែលបានទស្សនាវគ្គខ្លះៗនៃភាពយន្តនេះ បានបញ្ចេញយោបល់ឱ្យដឹងថា ការអប់រំដ៏ស៊ីជម្រៅ និងតថភាពជីវិតបច្ចុប្បន្ន ដែលមានឆ្លុះបញ្ចាំងអំពីជ្រុងខ្លះក្នុងជីវិតអាពាហ៍ពិពាហ៍របស់ស្ត្រីខ្មែរក្រោមគំនាបសេដ្ឋកិច្ចនិងទំនៀមទម្លាប់ចាស់បង្កប់ក្នុងរឿងភាគដ៏ល្អមួយខ្សែនេះ នឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានថ្មីសម្រាប់សង្គមអ្នកទស្សនា។ 

 


ចំណែក កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងកម្មវិធីផ្សាយ និងជាអ្នកគ្រប់គ្រងការផលិតភាពយន្តខ្មែរ ព្រមទាំងជាអ្នកផ្តើមគំនិតលើខ្សែរឿងភាគ សេរ៊ី រសជាតិអ្នកមាន ដ៏ល្បីរបស់ PNN បានឱ្យដឹងលំអិតបន្ថែមថា វគ្គ ហេឡូអ្នកម៉ាក់ និងផ្តល់នូវទស្សនាទានថ្មី សម្រាប់ស្រ្តីមេផ្ទះក្នុងការតស៊ូកែប្រែកម្រិតសមត្ថភាពសង្គមរបស់ខ្លួន មិនចុះចាញ់ឧបសគ្គ មិនបណ្តោយទៅតាមព្រហ្មលិខិត និងមិនស្ងៀមស្ងាត់ចំពោះអំពើហិង្សាមិនថា កាយឬចិត្តក្តី ក្នុងរង្វង់អាពាហ៏ពិពាហ៍ពោរពេញដោយភាពផិតក្បត់។
រឿង «រសជាតិអ្នកមាន វគ្គ៣» ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៨ យប់តទៅ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024