ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

ពុទ្ធិកបឋមសិក្សាវត្តព្រែកលៀប បើកបវេសនកាល ដោយទំនុកចិត្ត

២២ មិថុនា ២០២២ | ព័ត៌មានជាតិ


បន្ទាប់ពីបានអាក់ខានធ្វើពិធីអស់រយៈពេល ២ឆ្នាំ ដោយសារតែកូវីដ-១៩ នៅថ្ងៃនេះ សាលាពុទ្ធិកបឋមិសក្សាវត្តវារិន្ទព្រែកលៀប បានរៀបចំពិធីបើកដោយពេញមុខឡើងវិញ ហើយទាំងព្រះសង្ឃ ជាអ្នកគ្រប់គ្រង ទាំងគ្រូបង្រៀន ក៏ដូចជាសមណសិស្សមានក្តីរីករាយជ្រះថ្លៃយ៉ាងខ្លាំង។


ជាការណ៍ពិតហើយថា វិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ក៏បានរងផលប៉ះពាល់ពីការរាតត្បាត នៃជំងឺកូវីដ-១៩ ដូចជាវិស័យផ្សេងៗទៀតដែរ ។ ដូច្នេះការបើកបវេសនកាលនៅថ្ងៃនេះ ទាំងគ្រូបង្រៀន ទាំងសមណសិស្ស ក៏ដូចជាថ្នាក់គ្រប់គ្រង ពិតជាមានភាពរីករាយជ្រះថ្លាខ្លាំងណាស់ បន្ទាប់ពីពិធីបើក និងដំណើរការសិក្សាដោយពេញមុខបែបនេះ ត្រូវបានខកខានអស់រយៈពេល ២ ឆ្នាំ ដោយបានដំណើរការត្រឹមតែជាទូរសិក្សា ឬ សិក្សាពីចម្ងាយ ។

 

 

ការបើកបវេសនកាលនៅថ្ងៃនេះ មានសមណសិស្ស សរុបជិត ២០០ អង្គ ហើយសមណសិស្ស ក៏ដូចជាព្រះសង្ឃ និងដូនជី តាជី សិស្ស និស្សិតទាំងអស់ដែលគង់ និងស្នាក់នៅក្នុងវត្តវារិន្ទព្រែកលៀប នេះគឺជាបន្ទុកទាំងស្រុងរបស់វត្ត ហើយវត្តមានលទ្ធភាពរ៉ាប់រងបែបនេះទៅបាន ដោយសារតែការទំនុកបម្រុងរបស់ពុទ្ធបរិស័ទ ជាពិសេសពុទ្ធបរិស័ទចំណុះជើងវត្តដែលមានសេចក្តីជ្រះថ្លាយ៉ាងក្លៀងក្លា ចំពោះពុទ្ធិកសិក្សា និងព្រះពុទ្ធសាសនា ។

 

 

នេះគឺជាការលើកឡើងរបស់ភិក្ខុព្រះសិរីវិសុទ្ធិ សុខ សុភាព ព្រះគ្រូចៅអធិការវត្តវារិន្ទព្រែកលៀប នៅក្នុងពិធីបើកបវេសនកាលពុទ្ធិកបឋមសិក្សាវត្តវារិន្ទព្រែកលៀប នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ ។សូមជម្រាបថា កម្មវិធីសិក្សា នៃ ពុទ្ធិកបឋមសិក្សា ក៏មានដូចអ្វីដែលត្រូវបានបង្រៀនៅក្នុងសាលាចំណេះដឹងទូទៅ ឬ ដែលហៅថាជាសាលារបស់គ្រហស្ថដែរ ដូចជាលេខនព្វន្ធ តែងសេចក្តី និងសរសេរតាមអានជាដើម ។

 

 

ប៉ុន្តែអ្វីដែលប្លែកនោះ គឺនៅពុទ្ធិកបឋមសិក្សាមានបន្ថែមទៅដោយកម្មវិធីសិក្សាផ្នែកព្រះពុទ្ធសាសនា ដូចជាពុទ្ធប្បវត្តិ វិន័យ និងភាសាបាលីជាដើម ដែលជាសរុបទៅបានសេចក្តីថា សមណសិស្សដែលសិក្សានៅពុទ្ធិកសិក្សា ត្រូវសិក្សាច្រើនជាងសិស្សនៅសាលាគ្រហស្ថ ខណៈសញ្ញាបត្រ ត្រូវបានទទួលស្គាល់ និងឱ្យតម្លៃស្មើគ្នាទៅនឹងសញ្ញាបត្រ នៃសាលាចំណេះដឹងទូទៅ ។

 

 

ក៏ដោយសារតែកម្មវិធីសិក្សាច្រើនជាងនៅសាលាគ្រហស្ថ ឬ សាលាចំណេះដឹងទូទៅនោះឯងហើយ ទើបជាទូទៅត្រូវបានសង្កេតឃើញថា ចំណេះដឹងផ្នែកអាណាចក្រ ដូចជាគណិតវិទ្យាជាដើម ពេលខ្លះហាក់ទាបជាងបន្តិច បើប្រៀបធៀបទៅនឹងសិស្ស នៃសាលាចំណេះដឹងទូទៅ ប៉ុន្តែចំណេះដឹងផ្សេងទៀត ដូចជាផ្នែកអក្សរសាស្ត្រជាដើម ច្រើនតែសមណសិស្សនៅពុទ្ធិកសិក្សាមានកម្រិតខ្ពស់ជាង ៕
 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025