ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥

គ.ជ.ប នឹងរៀបចំពិធីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២២

១៧ កក្កដា ២០២៥ | ព័ត៌មានជាតិ

 

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាស ជម្រាបជូនដល់សាធារណជន ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ឱ្យបានជ្រាបថា អនុលោមតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.បមានសមត្ថកិច្ចរៀបចំគណៈកម្មការ ដើម្បីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ តាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុក ប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះ រយៈពេល ៦ឆ្នាំ និងសន្លឹកឆ្នោត ដែលបានប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកប ដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរ យៈពេល ៣ឆ្នាំ ចាប់ពីថ្ងៃបោះឆ្នោត តាមអាណត្តិនីមួយៗ។

 

 

 


អនុវត្តតាមស្មារតីនៃច្បាប់ខាងលើនេះ គ.ជ.ប នឹងរៀបចំពិធីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២២ ព្រមទាំងសម្ភារៈ ឯកសារពាក់ព័ន្ធ មួយចំនួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក នៅរោងពុម្ពរស្មីអង្គរ ដែលស្ថិតនៅដីឡូតិ៍លេខ ១៨៨២ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។គ.ជ.ប បានប្រកាស អញ្ជើញតំណាងគណបក្សនយោបាយ សមាគម និងអង្គការសង្កេតការណ៍បោះឆ្នោត អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ចូលរួមជាសាក្សី និងយកព័ត៌មាន កុំបីខាន៕

 

 

 

អត្ថបទ និងរូបភាព៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025