ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

តម្លៃនាំចេញស្រូវអង្ករកម្ពុជា កំពុងបន្តមានការកើនឡើង ខណៈវិបត្តិអសន្តិសុខស្បៀងសកលនៅតែបន្តអូសបន្លាយ

២១ មិថុនា ២០២២ | សេដ្ឋកិច្ច

 

តម្លៃនាំចេញស្រូវអង្ករកម្ពុជា កំពុងបន្តមានការកើនឡើង ខណៈវិបត្តិអសន្តិសុខស្បៀងសកលនៅតែបន្តអូសបន្លាយ ដែលធ្វើអោយបរិមាណផ្គត់ផ្គង់អង្ករពីប្រទេសអ្នកផលិត ក៏មានការកើនឡើង និងតម្រូវការខ្ពស់ជាងមុន។


ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ហ៊ុន ឡាក់ បានឲ្យPNNដឹងថា តម្លៃនាំចេញស្រូវអង្ករកម្ពុជា អាចនឹងត្រូវបានរំពឹងថា មានការកើនឡើងបន្ថែម ដោយសារការរងផលប៉ះពាល់នៃវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលបានធ្វើអោយតម្លៃប្រេងឥន្ទនះមានការប្រែប្រួល ហើយបញ្ហាអសន្តិសុខស្បៀងសកលក៏នៅតែបន្តអូសបន្លាយ ចំណែកប្រទេសផលិតស្រូវសាលីមួយចំនួន ក៏បានផ្អាកការនាំចេញរបស់ខ្លួនផងដែរ ដែលនាំអោយតម្រូវការអង្ករដែលត្រូវបាននាំចេញពីប្រទេសអ្នកផលិតអង្ករផ្សេងទៀត ដូចជាកម្ពុជា ថៃ និងវៀតណាមជាដើម កំពុងមានតម្រូវការ។


លោកឧកញ៉ាបន្តថា បើទោះបីជាបញ្ហាវិបត្តិសង្គ្រាមនៅអ៊ុយក្រែន កង្វះស្បៀងសកល និងការប្រែប្រួលនូវតម្លៃប្រេងឥន្ទនះសកល បានជះឥទ្ធិពលជារួមទៅដល់សេដ្ឋកិច្ចពិភពលោក តែយ៉ាងណាកម្ពុជា ដែលជាប្រទេសផលិតអង្ករនាំចេញ ទទួលបាននូវការបញ្ជាទិញកើនឡើងពីប្រទេសជាដៃគូ ហើយតម្លៃក៏មានការកើនឡើងផងដែរ ដែលបានផ្តល់អត្ថប្រយោជន៍ច្រើនដល់កសិករ និងអ្នកប្រកបរបបក្នុងឧស្សាហកម្មនេះ ។

 


បើយើងក្រឡេកទៅមើលពីការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកថៃមួយ ពី ស្ថានភាពនាំចេញ និងតម្រូវការអង្ករក្នុងប្រទេសថៃវិញ ត្រូវបាន សហព័ន្ធឧស្សាហកម្មថៃ បានអះអាងថា កង្វះខាតស្បៀងជាសកល ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងកំឡុងត្រីមាសទី ៣ និងទី ៤ ក្នុងឆ្នាំ ២០២២នេះ ដោយភាពខ្វះខាតនេះ ទំនងជាផ្តល់អត្ថប្រយោជន៍ច្រើនដល់ ក្រុមហ៊ុននាំចេញអាហាររបស់ថៃ ខណៈប្រទេសមួយចំនួនដូចជា ឥណ្ឌា ស៊ែប៊ី កាហ្សាក់ស្ថាន កូសូវ៉ូ និងអេហ្ស៊ីប បានរឹតបន្តឹងការនាំចេញរបស់ពួកគេ រួមមានទាំងស្រូវសាលីផងដែរ។

 


យ៉ាងណាក៏ដោយ កាលពីពេលកន្លងទៅ អ្នកជំនាញមកពី កម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ បានអះអាងថា វិបត្តិស្បៀងអាហារ ធ្វើឱ្យមនុស្សជិត ៥០លាននាក់បន្ថែមទៀតនៅជុំវិញពិភពលោកកាន់តែប្រឈមនឹងគ្រោះទុរ្ភិក្ស ដោយមិនមានដំណោះស្រាយរហ័សអាចជួយបានទេ ខណៈដែលបច្ចុប្បន្ននេះ ចំនួនមនុស្ស ដែលមានបញ្ហាអសន្តិសុខស្បៀងធ្ងន់ធ្ងរ បានកើនឡើងទ្វេដងដល់ ១៣៥ លាននាក់ ចាប់តាំងពីជំងឺកូវីដ១៩ បានចាប់ផ្តើម ហើយមនុស្សជាង ៨០០លាននាក់ទៀត ប្រឈមនឹងការអត់ឃ្លាន។ 

 


គួរបញ្ជាក់ថា បើមើលទៅលើការនាំចេញអង្កររបស់កម្ពុជាវិញ ប្រទេសចិន នៅតែឈរជាទីផ្សារនាំមុខគេ សម្រាប់ការនាំចេញអង្ករររបស់កម្ពុជា ដោយ ៥ខែមកនេះ ចិន កាន់កាប់ចំណែក ៥២% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា ចំណែកសហភាពអឺរ៉ុប ជាអ្នកទិញអង្ករកម្ពុជា លំដាប់ទី២ ហើយអាស៊ាន ក៏ជាទីផ្សារនាំចេញបន្ទាប់របស់កម្ពុជាផងដែរ៕
 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024