ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ផលិតករល្បីឈ្មោះអ្នកស្រី ពាន់ ភួង រំពឹងយ៉ាងខ្លាំងថារឿង « ពេលម៉ែចាស់ទៅ » នឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជននៅពេលដាក់បញ្ចាំង ព្រោះតែមានចំណុចខ្លាំងទាក់ទាញជាច្រើន។
« ពេលម៉ែចាស់ទៅ » ស្នាដៃទី ២៥ របស់អ្នកស្រី ពាន់ ភួងបុប្ជា ត្រៀមនឹងបញ្ចាំងនៅគ្រប់រោងភាពយន្តនៅថ្ងៃស្អែកនេះហើយ ដោយស្នាដៃថ្មីនេះអ្នកស្រីរំពឹងថានឹងមានអ្នកគាំទ្រ ច្រើនមិនចាញ់ស្នាដៃកន្លងមកឡើយ ដោយសាររឿងនេះមានចំណុចខ្លាំងជាច្រើនទាក់ចិត្តអ្នកគាំទ្រ ។
ស្នាដៃសម្ពោធយប់មិញនេះក្រោមវត្តមាន ឯកឧត្តម ទិត្យ ថាវរិទ្ធ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត ផលិតករ និងសិល្បករសិល្បការីនីល្បីៗជាច្រើនរូបទៀត ។
អ្នកស្រី ពាន់ ភួង បុប្ជា អ្នកដឹកនាំសម្តែងរឿង « ពេលម៉ែចាស់ទៅ » បានរៀបរាប់ប្រាប់ថា រឿងនេះ មានចំណុចពិសេសៗជាច្រើន ទាល់តែមកទស្សនាបានដឹងថា តើរឿងនេះមានខ្លឹមសារបែបណា ។
រឿង « ពេលម៉ែចាស់ទៅ » គឺជាសាច់រឿងមួយតពីរឿង « ទឹកចិត្តម្តាយ » និង រឿង « ទឹកចិត្តម្តាយសម័យថ្មី » ហើយស្នាដៃនេះគឺជាស្នាដៃចុងក្រោយហើយដែលអ្នកស្រី ពាន់ ភួងបុប្ជា ផលិតរឿងទាក់ទងទៅនិងម្តាយ ចំណែករឿងផ្សេងៗទៀតអ្នកស្រីនៅតែបន្តថតដូចដើម ។
គួររំលឹកផងដែរថា នៅក្នុងរឿង « ពេលម៉ែចាស់ទៅ » ប្រជុំទៅដោយសិល្បករល្បីឈ្មោះជាច្រើន ដូចជាលោក អេដវីន , យ៉ែម សំអូន , ពៅ ពិសិដ្ឋ , កញ្ញា មាន សូនីតា , យ៉ែម ស្រីពេជ្រ , លី ច័ន្ទសីហា , នីតា វរវង្ស និងតារាថ្មីចាស់ជាច្រើនរូបទៀត ។ ទាំងផលិតករ និងតារាសម្តែង បានសំណូមពរបងប្អូន ខ្មែរ ចូលរួមទស្សនាស្នាដៃថ្មីឱ្យបានច្រើនកុះករ ដើម្បីផ្តល់ជាកម្លាំងដល់សិល្បករ ខ្មែរ យើង ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា