ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
តុក្កតាជ័រដែលមានទំហំប៉ុនកូនក្មេងបានស្រែកនិងបិទបើកភ្នែកក្នុងពេលកំពុងដេកលើតុខណៈវិស្វករ Hiroki Takimoto មើលតុក្កតានេះយ៉ាងស្ងប់ស្ងាត់។ ប៉ុន្តែជំនួសឱ្យការធ្វើជារបស់ក្មេងលេង កូនប្រមុំជ័រនេះគឺជាមនុស្សយន្តដែលអាចធ្វើត្រាប់តាមរោគសញ្ញាសំខាន់ៗមួយចំនួនដើម្បីជួយបណ្តុះបណ្តាលបុគ្គលិកពេទ្យធ្មេញ។
ដោយបានបង្កើតឡើងរួមគ្នារវាងសហស្ថាបនិកក្រុមហ៊ុនមនុស្សយន្តជប៉ុន Tmsuk និងសាលាទន្តសាស្ត្រក្នុងស្រុកនោះ មនុស្សយន្តនេះត្រូវបានដាក់ឈ្មោះថា Pedia_Roid ហើយត្រូវបានរចនាឡើងដើម្បីក្លែងធ្វើកូនក្មេងនៅពេលទទួលការព្យាបាលធ្មេញ និងការប្រែប្រួលពីស្ថានភាពសុខភាពរបស់មនុស្សយន្តនេះផងដែរ។
ជាមួយការប្រើប្រាស់ប្រព័ន្ធថេប្លេតដំឡើងកម្មវិធីភ្ជាប់ជាមួយលក្ខខណ្ឌវេជ្ជសាស្ត្រផ្សេងៗគ្នានោះ អ្នកប្រើប្រាស់កម្មវិធីនេះអាចបញ្ជាទៅកាន់ស៊ីឡាំងខ្យល់ដែលបានបំពាក់នៅតាមសន្លាក់របស់មនុស្សយន្តនេះដើម្បីឱ្យវាអាចមានចលនារាងកាយ មាត់ និងអណ្តាតទាំងមូល និងបង្ហាញប្រតិកម្មរាងកាយនិងការបញ្ចេញទឹកមុខផងដែរ។
វិស្វករម្នាក់នៅក្រុមហ៊ុន Tmsuk បាននិយាយថា អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ រ៉ូបូតនេះអាចក្លែងធ្វើសញ្ញាថាវាស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រដូចជាការប្រកាច់និងជំងឺខ្សោយបេះដូងដែលអាចធ្វើឱ្យសិក្ខាកាមទទួលបានបទពិសោធន៍ក្នុងការដឹងពីរបៀបដោះស្រាយស្ថានភាពធ្ងន់ធ្ងរស្រដៀងគ្នានេះ។
នាយកផ្នែកវិស្វកម្មនៃក្រុមហ៊ុន Tmsuk លោក Yusuke Ishii បាននិយាយថា មនុស្សយន្តនេះត្រូវបានបង្កើតឡើងដោយសារតែខ្វះអ្នកជំងឺពិតប្រាកដដើម្បីយកមកហ្វឹកហាត់ព្យាបាលធ្មេញសម្រាប់កុមារ។
លោក Ishii បានបញ្ជាក់ថា វាលំបាកនឹងទទួលបានបទពិសោធន៍ផ្នែកទន្តពេទ្យសម្រាប់កុមារព្រោះគ្មានឱកាសធ្វើលំហាត់នោះទេ។ លើសពីនេះទៀតវាមានហានិភ័យខ្លាំងនៅពេលកុមារឈឺធ្មេញខ្លាំងព្រោះតាមធម្មតាកុមារនៅពេលស្ថានភាពសុខភាពរបស់ពួកគេកាន់តែអាក្រក់ទៅៗ ពួកគេមិនសូវចេះអត់ទ្រាំដូចមនុស្សពេញវ័យនោះទេដូច្នេះហើយចាំបាច់ត្រូវមានបទពិសោធន៍ និងចំណេះដឹងដើម្បីតាមដាននិងព្យាបាលអ្នកជំងឺ។
បច្ចុប្បន្នមនុស្សយន្តនេះមានតម្លៃ ១៩៥ ០០០ ដុល្លារអាមេរិកក្នុង១គ្រឿង ហើយក្រុមហ៊ុននេះនឹងបន្តផលិតវាថែមទៀតជាពិសេសគឺតុក្កតានេះតែម្ដងដើម្បីជួយបណ្ដុះបណ្ដាលគ្រូពេទ្យធ្មេញថែមទៀត៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន