ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន ៤បន្ថែម ក្នុងទំហំទឹកប្រាក់ ១៤លានដុល្លារ

១៣ ឧសភា ២០២២ | សេដ្ឋកិច្ច

 

បើតាមការបញ្ជាក់របស់CDC បានឲ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន៤បន្ថែម ក្នុងនោះរួមមាន៖


១. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងក្នុងការិយាល័យ (ពីក្រណាត់ និងក្រដាស) GLORY LIGHT (CAMBODIA) INTERNATIONAL CO., LTD.  ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៤កន្លែង។


២. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ J TEX GARMENT CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ២ និងលេខ៤ ដីឡូតិ៍លេខ១ ផ្លូវជាតិលេខ៤ ភូមិវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២៤កន្លែង។


៣. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ SELLY FASHION GARMENT FACTORY CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងសួនឧស្សាហកម្ម ស៊ូចូវ ខេមបូឌា ផ្លូវជាតិលេខ២១ ភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។


៤. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ SZ GOLDEN WAY TEXTILE (CAMBODIA) CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាកែវ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៧២កន្លែង។

 


អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឯកឧត្តម សុខ ចិន្ដាសោភា កន្លងមកធ្លាប់បានលើកឡើងថា កម្ពុជាគឺជាប្រទេស ដែលមានកាលានុវត្តភាពច្រើនសម្រាប់ការវិនិយោគ ខណៈ កម្ពុជាក៏ទើបបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីវិនិយោគថ្មីដែលមានភាពទាក់ទាញ និងអំណោយសម្រាប់ការចូលមកបណ្តាក់ទុន។

 


ឯកឧត្តមបញ្ជាក់ថា ៖ «តាមរយៈការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលាទាំងនេះហើយ ទើបកម្ពុជាអាចបើកដំណើរការប្រទេសពេញលេញ និងឈានដល់ការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»។

 


គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី២ក្នុងខែឧសភានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តលើគម្រោងវិនិយោគប្រមាណ១០ទីតាំង ក្នុងទំហំទឹកប្រាក់ ១៦០លានដុល្លារ ជាមួយនឹងឱកាសការងាររាប់ពាន់កន្លែងផងដែរ៕
 

 

 អត្ថបទ៖ ម៉ៅ ចរិយា និងរូបភាពឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024