ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ផលិតកម្ម YG ធ្លាក់ចំណូលរាប់លានដុល្លារនៅដើមឆ្នាំ២០២២ ខណៈមិនសូវមានក្រុមល្បីចេញអាល់ប៊ុម

១៣ ឧសភា ២០២២ | កម្សាន្ដ

 

យោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ក្រុមហ៊ុន YG Entertainment បានកត់ត្រាប្រាក់ចំណេញប្រតិបត្តិការចំនួន 6.1 ពាន់លានវ៉ុន ស្មើនឹងប្រមាណ 4,75 លានដុល្លារ ក្នុងត្រីមាសទីមួយនៃឆ្នាំ 2022ដែលមានការថយចុះ 36% បើធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ 2021។


ផលិតកម្មដដែលនេះបានកត់ត្រាចំណូលពីការលក់សរុបចំនួន 75.5 ពាន់លានវ៉ុន ស្មើនឹងប្រមាណ 58,8 លានដុល្លារ សម្រាប់ត្រីមាសនេះ ដែលថយចុះ 22.2% ធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ 2021 ខណៈប្រាក់ចំណេញក្រោយកាត់ពន្ធសម្រាប់ត្រីមាសទីមួយនៃឆ្នាំ 2022 នេះគឺនៅសល់ ៤លានដុល្លារកន្លះ។

 


ការវិភាគលើរបាយការណ៍ត្រីមាសទី ១ របស់ផលិតកម្ម YG Entertainment បានបង្ហាញថា ការលក់អាល់ប៊ុមរបស់ក្រុមចម្រៀងប្រុសថ្មី TREASURE (ត្រេស៊ើ) មានចំណែកភាគរយធំបំផុតនៅក្នុងប្រាក់ចំណេញសរុបនៃត្រីមាសនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែកង្វះការចេញចម្រៀងរបស់សិល្បករផ្សេងទៀតធ្វើឲ្យ YG បានជួបប្រទះការខាតបង់ផ្នែកហិរញ្ញវត្ថុគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2022។

 


យ៉ាងណាមិញ ក្រុមឈានមុខគេរបស់ YG Entertainment គឺ BLACKPINK ត្រូវបានគេរំពឹងថានឹងធ្វើការត្រលប់មកវិញនៅឆមាសទីពីរនៃឆ្នាំនេះ ពោលគឺនៅខែមិថុនា ឬខែកក្កដា ឆ្នាំ ២០២២ ហើយក៏អាចនឹងចាប់ផ្តើមការប្រគំទេសចរណ៍ក្រៅប្រទេសដ៏ធំលើកទីពីររបស់ពួកគេដែរ ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024