ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រដ្ឋាភិបាលវៀតណាម បដិសេធសំណើលើកលែងពន្ធ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍

១០ ឧសភា ២០២២ | សេដ្ឋកិច្ច

 

ក្រសួងហិរញ្ញវត្ថុវៀតណាម បានបដិសេធសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ សម្រាប់ការបន្ធូរបន្ថយពន្ធបន្ថែមទៀត ដោយបានអះអាងថា ក្រុមហ៊ុនទាំងនោះ បានទទួលការគាំទ្រគ្រប់គ្រាន់ពីរដ្ឋាភិបាលវៀតណាមរួចរាល់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Vietnam Express នៅថ្ងៃនេះ។

 

ក្រសួងហិរញ្ញវត្ថុវៀតណាម បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានតែរដ្ឋសភាប៉ុណ្ណោះដែលអាចសម្រេចលើកាត់បន្ថយពន្ធអាករលើតម្លៃបន្ថែម ដែលជាការឆ្លើយតបទៅនឹង សំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ដែលសុំកាត់បន្ថយពន្ធអាករលើតម្លៃបន្ថែមពី ៨% ទៅ ៥% និងពន្ធនាំចូលពី ៧% ដល់សូន្យ។


យ៉ាងណាមិញ ក្រសួង បញ្ជាក់ថា ពន្ធអាករលើតម្លៃបន្ថែម ៨% នាពេលបច្ចុប្បន្ន គឺជាការកាត់បន្ថយរួចទៅហើយពី អត្រា ១០% ជាធម្មតា ហើយក្រុមហ៊ុនអាកាសចរណ៍ ក៏មានសិទ្ធិទទួលបានអត្រាទាបជាងនេះផងដែរ។


លើសពីនេះ ឧស្សាហកម្មអាកាសចរណ៍ បានទទួលអត្ថប្រយោជន៍រួចទៅហើយ ពីការគាំទ្រជាច្រើនទាក់ទងនឹងពន្ធ និងថ្លៃសេវា ចាប់តាំងពីជំងឺកូវីដ១៩ បានចាប់ផ្តើម។


មិនត្រឹមតែប៉ុណ្ណោះ ពន្ធបរិស្ថានលើឥន្ធនៈយន្តហោះ ត្រូវបានកាត់បន្ថយពាក់កណ្តាលមកត្រឹម ៦សេនដុល្លារ ក្នុងមួយលីត្រ រហូតដល់ដំណាច់ឆ្នាំនេះ។ក្រសួង បានបន្តថា វាមានសារៈសំខាន់ណាស់ក្នុងការធានាឱ្យមានតុល្យភាពរវាងអត្ថប្រយោជន៍ដែលក្រុមហ៊ុន និងរដ្ឋាភិបាលទទួលបាន។

 


សូមជម្រាបថា បើយោងតាមអគ្គនាយកការិយាល័យស្ថិតិវៀតណាម បញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានបម្រើអ្នកដំណើរ ១៤លាននាក់ ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ ២០២២នេះ កើនឡើង ២៦% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024