ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥

នូ ឧសភា ពិបាកធ្វើអារម្មណ៍ពេលថតរឿងប្រុសស្រលាញ់ប្រុសជាលើកដំបូង

២៥ មេសា ២០២២ | កម្សាន្ដ



ជាលើកទី១ក្នុងប្រវត្តិការសម្តែងរបស់តួឯកប្រុស២ជំនាន់រឿង អ្នកម៉ាក់វ័យក្មេង ដែលលោកទទួលថតរឿងប្រុសស្រលាញ់ប្រុស។ សាច់រឿងប្រភេទ BL ធ្វើឱ្យ នូ ឧសភា ពោលថាពិបាកថត ពិសេសឈុតឆាកស្នេហា។

 


តារាចម្រៀង និងជាតារាសម្តែងទ្រេមុខជ្រុងៗ លោក នូ ឧសភា ថ្មីៗនេះទើបបង្ហើបឱ្យដឹងថា លោកទើបតែបញ្ចប់ការថតភាពយន្តថ្មីមួយចំណងជើងថា «Hello My Neighbor» ជាប្រភេទរឿង BL (Boy Love) ប្រុសស្រលាញ់ប្រុស។ នេះជាលើកទី១ក្នុងប្រវត្តិការសម្តែងដែល នូ ឧសភា ទទួលថតរឿងប្រុសស្រលាញ់ប្រុសបែបនេះ។ 

 

 

ប្រាប់ឱ្យ PNN ដឹង ម្ចាស់បទ «ព្រងើយ» រូបនេះថា វាមានផលលំបាកច្រើនសម្រាប់លោកនៅពេលថតសាច់រឿងប្រភេទនេះ។ ម៉្យាង ជីវិតពិតលោកគឺស្រលាញ់មនុស្សស្រី ហើយកន្លងមកក៏ធ្លាប់តែសម្តែងរឿងស្រលាញ់ស្រី ដល់ឱ្យដាក់អារម្មណ៍មកស្រលាញ់មនុស្សប្រុសដូចគ្នា វាគឺជារឿងពិបាកសម្រាប់លោក។ថ្វីបើមានចំនុចពិបាកច្រើនក៏ពិតមែន តែក្នុងនាមជាតារាសម្តែង និងជានិមិត្តរូបក្នុងចិត្តអ្នកគាំទ្រ លោកនៅតែទ្រាំជម្នះចិត្តខ្លួនឯងថតរឿងនេះឱ្យខានតែបាន។

 


រឿង BL ដែលជាស្នាដៃថ្មីដែលបានកំពុងត្រៀមចេញនេះ គឺមានបង្កប់អត្ថន័យអប់រំច្រើន ដោយផ្តោតលើបុរសដែលស្រលាញ់ភេទដូចគ្នា ហើយការដែលមនុស្សប្រុសស្រលាញ់ភេទដូចគ្នាមិនមែនជាជំងឺឆ្លងទេ ប៉ុន្តែវាជាធម្មជាតិរបស់ពួកគេ ដូច្នេះគ្រប់គ្នាពុំគួរមានការរើសអើងឡើយ។ឆ្នាំថ្មីនេះ តារាម៉ូដែលរាងខ្ពស់ស្រឡះនេះ នៅតែមានហាងឆេងខ្ពស់មិនស្រុតឡើុុយ មិនថាទីផ្សារភាពយន្ត ការបញ្ចេញបទចម្រៀងថ្មីៗ និងការដើរបង្ហាញម៉ូដជាដើម។ 

 


បច្ចុប្បន្ន ស្នាដៃភាពយន្តថ្មីមួយរបស់លោកចំណងជើង «Private Love» ជារឿងស្នេហាបែបយុវវ័យពោរពេញដោយភាពកំប្លុកកំប្លែង ក៏កំពុងបង្ហាញវត្តមានតាមបណ្តារោងភាពយន្ត ព្រមជាមួយបទចម្រៀងយ៉ាងពិរោះរណ្តំក្នុងរឿងនេះថែមទៀតផង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025