ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

“លោកបងណាក់៣” ភាពយន្តបែបភ័យរន្ធត់បន្ថែមសាច់ថ្មីកាន់តែពិសេសចាក់បញ្ចាំងពីស្អែកនេះតទៅ!

២១ មេសា ២០២២ | កម្សាន្ដ

 

បន្ទាប់ពីចំណាយពេលរង់ចាំអស់រយៈពេលជាយូរឆ្នាំមកហើយនោះ នៅទីបំផុតរឿងខ្មោចដ៏រន្ធត់ «លោកបងណាក់៣» ឬ «PEENAK3» ដែលបានបន្ថែមសាច់រឿងថ្មីកាន់តែពិសេសនឹងចាប់ចាក់បញ្ចាំងតាមបណ្តារោងភាពយន្តនៅកម្ពុជាហើយ ចាប់ពីថ្ងៃស្អែកនេះតទៅ។

 

 

យុវវ័យជាច្រើនដែលជាអ្នកនិយមចូលចិត្តវិស័យភាពយន្តបានបង្ហាញអារម្មណ៍រំភើប និងក្តីសប្បាយរីករាយជាពន់ពេកនៅពេលលបានចូលរួមទស្សនារឿងដ៏រន្ធត់នេះ ក្នុងថ្ងៃសម្ភោធចាក់បញ្ចាំងជាផ្លូវការរឿងនេះនៅល្ងាចថ្ងៃទី២០ខែមេសាឆ្នាំ២០២២។

 

 

ពួកគេម្នាក់បាននិយាយថាវគ្គថ្មីនេះកាន់តែពិសេស និងល្អមើលជាងវគ្គមុនៗទៀត ដោតយសារតែមានសាច់រឿងថ្មី ជាពិសេសការបន្ថែមសត្វនាគនៅក្នុងសាច់រឿង បូករួមជាមួយភាពភ័យរន្ធត់ធ្វើឱ្យរឿងនេះកាន់តែចង់ទស្សនា។

 

 

លោក សុខ សិរីសុភា អ្នកនាំចូលនិងចែកចាយភាពយន្ត ប្រាប់ឱ្យដឹងថា ហេតុផលចម្បងដែលលោកសម្រេចនាំចូលរឿងខ្មោចដ៏រន្ធត់ «លោកបងណាក់៣» នេះ គឺដោយសារការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាកយុវវ័យកម្ពុជាលើភាគ១ និងភាគ២របស់រឿងនេះកាលពីពេលកន្លងទៅ ហើយសម្រាប់ «លោកបងណាក់៣» នេះ ក៏មានតម្រូវការខ្ពស់ពីយុវវ័យអ្នកចូលចិត្តមើលកុននៅកម្ពុជាផងដែរ ទើបសម្រេចចិត្តនាំចូលរឿងនេះ។

 


ម៉្យាង សាច់រឿង «PEENAK3» កាន់តែស៊ីជម្រៅខ្លាំងឡើង ខ្លាំងជាងវគ្គកន្លងទៅទៀត ពិសេសមានការបន្ថែមសត្វនាគទៅក្នុងសាច់រឿង ធ្វើឱ្យរឿងកាន់តែល្អមើល និងកាន់តែស៊ីជម្រៅសម្រាប់ធ្វើឱ្យអ្នកទស្សនា ដើម្បីឱ្យគ្រប់គ្នាទទួលបានចំណីចក្ខុថ្មីប្លែក។

 

 

លោកសង្ឃឺមយ៉ាងមុតមាំថា រឿង «លោកបងណាក់៣» នឹងផ្តល់ភាពសប្បាយរីករាយដល់អ្នកមើលបន្ទាប់ពីចំណាយពេលរង់ចាំអស់ច្រើនឆ្នាំ នឹងជឿជាក់ថារឿងនេះនឹងទទួលបានការគាំទ្រខ្ពស់ពីអ្នកនិយមគាំទ្រវិស័យភាពយន្តនៅកម្ពុជា នៅពេលរឿងនេះចាក់បញ្ចាំង។

 


ដោយឡែកលោក លោក អ៊ឹង ម៉េងគង់ តំណាងផ្នែកទីផ្សាររបស់រោងភាពយន្ត Major Cineplex Cambodia ថា ជាការពិតណាស់រឿង «លោកបងណាក់៣» ពិតជាមានតម្រូវការខ្ពស់ពីយុុវវ័យប្រាកដមែន ដោយជារឿយៗខាងរោងភាពយន្តតែងត្រូវទស្សនិកជនជជីកសួរពីការចាក់បញ្ចាំងរឿងនេះ។

 

 

ដូច្នេះលោកជឿជាក់ថា រឿងនេះនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាយ ព្រោះការចាក់បញ្ចាំងរឿងនេះគឺជាការឆ្លើយតបចំពោះតម្រូវការអ្នកទស្សនា។រឿងខ្មោចដ៏រន្ធត់ «លោកបងណាក់៣» ឬ «PEENAK3» ចាប់ចាក់បញ្ចាំងតាមបណ្តារោងភាពយន្តនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ខែមេសា ស្អែកនេះតទៅ៕

 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024