ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
គូស្នេហ៍នៅប្រទេសថៃសរុបជាង៤០គូ បាននាំគ្នាចងចំណងអាពាហ៍ពិពាហ៍លើខ្នងដំរី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយការរៀបការដ៏ប្លែកនេះបានរៀបចំឡើងនៅសួនត្រូពិច Nong Nooch (ណង នូច) ស្ថិតនៅក្នុងខេត្ត Chonburi (ឈុនប៊ុរី)។
អាពាហ៍ពិពាហ៍នេះបានចាប់ផ្ដើមដោយគូស្នេហ៍មួយគូៗនាំគ្នាឡើងជិះលើដំរី និងដើរជាក្បួនដង្ហែជុំគ្នា ហើយមានអមទៅដោយការប្រគំតន្ត្រីបែបប្រពៃណី ហើយសត្វដំរីតូចៗបាននាំគ្នារាំតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយ។
កូនកំលោះម្នាក់មានវ័យ៣០ឆ្នាំបាននិយាយថា ពិពាហ៍ពិពាហ៍ដ៏ប្លែកនេះនឹងជាអ្វីដែលពួកគេចងចាំជាប់ជានិច្ច តាមរយៈការទទួលយកសំបុត្រអាពាហ៍ពិពាហ៍ពេលជិះលើខ្នងដំរី និងការស្លៀកពាក់ឈុតប្រពៃណីក្នុងថ្ងៃពិសេសរបស់ខ្លួន។
គួរដឹងថាការរៀបការដោយជិះលើខ្នងដំរីនេះ បានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយសម្រាប់សួនត្រូពិច Nong Nooch (ណង នូច) ដោយជាធម្មតាព្រឹត្តិការណ៍នេះអាចទាក់ទាញគូស្នេហ៍រហូតដល់រយគូឯណោះ។ យ៉ាងណាក្ដីតួលេខនៃគូស្នេហ៍ដែលរៀបការបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
ដូចកាលពីឆ្នាំ២០២១កន្លងទៅ នៅចំថ្ងៃទិវានៃក្ដីស្រឡាញ់ មានគូស្នេហ៍ចំនួន៥៩គូបាននាំគ្នារៀបការដោយជិះលើខ្នងដំរី នៅសួនត្រូពិច Nong Nooch (ណង នូច)៕
ប្រែសម្រួល៖ វ៉ាន់ថន