ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥
បុរសសង្ហាសក់វែង និយមជិះម៉ូតូធំ ធីប កំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ក្រោយពីបានផ្លាស់ប្តូរស្ទាយថ្មីរបស់ខ្លួន រហូតត្រូវបានទូរទស្សន៍ ភីអិនអិន ជ្រើសរើសសម្តែងនៅក្នុងរឿងភាគខ្នាតធំដែលមានចំណងជើងថា « លួចស្នេហ៍គូដណ្តឹង » ឬ « Oh My Crush » ។ ទោះមិនស្ថិតនៅក្នុងតំណែងតួឯកប្រុស ប៉ុន្តែ ធីប ពិតជាលេចធ្លោងខ្លាំងមិនធម្មតាទេជាមួយស្ទាយថ្មីនេះ ។
បច្ចុប្បន្នមានសិល្បករជាច្រើនបានព្យាយាមរកស្ទាយថ្មីប្លែកៗដើម្បីធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ ជាក់ស្តែងដូចជាបុរសសង្ហារ នូ ឧសភា ជាដើម លោកបានបង្ហាញមុខជាមួយម៉ូដសក់រួញ និងការនិយមជិះម៉ូតូធំជាដើម... ដោយឡែកថ្មីៗនេះស្រាប់តែលេចមុខបុរសសង្ហារម្នាក់ទៀតដែលមានឈ្មោះថា ធីប ក៏មានស្ទាយថ្មីប្លែក និង មានរូបសង្ហារមិនចាញ់លោក នូ ឧសភា នោះទេ ។
ធីប គ្រាន់តែជាឈ្មោះនៅក្នុងសិល្បៈ ប៉ុន្តែឈ្មោះពិតរបស់លោកគឺ ចន្ថា ដារ៉ា ដែលបានប្រលូកក្នុងសិល្បៈតាំងពីឆ្នាំ ២០២០ ដោយលោកលេចមុខដំបូងនៅក្នុងវិស័យម៉ូដ ភាគច្រើនលោកលេចមុខខ្លាំង នៅក្នុងការដើរម៉ូដឱ្យបរទេសនៅក្នុងកម្មវិធីធំៗ ដោយសារលោកមានរូបរាងសង្ហារ និងមានកម្ពស់រហូតដល់ទៅ ១ ម៉ែត្រ ៩០ ។ ធីប បានវិឌ្ឍន៍ខ្លួនពីតារាបង្ហាញម៉ូដរហូតក្លាយទៅជាតារាសម្តែងនៅក្នុងរឿងជាច្រើន ដោយឡែកនៅឆ្នាំ ២០២២ នេះលោកក៏មានឱកាសបានចូលរួមសម្តែងនៅក្នុងរឿងភាគ ភីអិនអិន ។
លោក ធីប បានឱ្យដឹងថា នេះជាលើកដំបូងហើយដែលលោកមានសំណាងបានថតរឿងភាគឱ្យ ទូរទស្សន៍ ភីអិនអិន ដែលមានចំណងជើងថា « លួចស្នេហ៍គូដណ្តឹង » ឬ « Oh My Crush » ថ្វីដ្បិតតែ សម្តែងនៅក្នុងរឿងនេះលោកមិនមែនជាតួឯកប្រុស ប៉ុន្តែលោករំភើបចិត្តណាស់ដែលបានថតរឿងនេះ ពីព្រោះតួអង្គនេះគឺមានចរិតដូចលោកពិតនៅខាងក្រៅ ។
ស្របពេលកំពុងថតរឿងថ្មី តារាវ័យ ២៧ ឆ្នាំ ធីប ក៏បានប្រឹងប្រែងហាត់ពត់លត់ដំខ្លួនបន្ថែមទៀតដើម្បីក្លាយទៅជាតារាសម្តែងលេចធ្លោម្នាក់នាពេលអនាគត ទោះបីជាពេលនេះលោកមិនទាន់ក្លាយទៅជាតួឯក តែលោករំពឹងថា ថ្ងៃណាមួយលោកនឹងឈានដល់ចំណុចកំពូល មិនចាញ់មិត្តរួមអាជីពឡើយ ។ ក្រៅពីសិល្បៈ ធីប ក៏មានអាជីវកម្មហាងកាហ្វេផ្ទាល់ខ្លួនមួយ ហើយជាញឹកញាប់លោកតែងតែលេចមុខជាមួយសិល្បករដែលនិយមជិះម៉ូតូធំៗ និងលេចស្ទាយប្លែកៗ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា