ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សិង្ហបុរី ទម្លាក់ការព្យាករពីទំហំសេដ្ឋកិច្ចម្តងទៀត ក្រោយបញ្ហាមេរោគកូវីដ១៩ កាន់តែធ្ងន់ធ្ងរ

០១ មិថុនា ២០២០ | សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី នាពេលថ្មីៗនេះបានធ្វើការព្យាករពី ទំហំសេដ្ឋកិច្ចប្រទេសរបស់ខ្លួន ថាអាចនឹងធ្លាក់ចុះចន្លោះពី ៤% ទៅ ៧% នៅក្នុងឆ្នាំ ២០២០នេះ។ តាមពិតទៅ រដ្ឋាភិបាលសិង្ហបុរី ធ្លាប់បានព្យាករសេដ្ឋកិច្ចរបស់ខ្លួនរួចទៅហើយថា នៅឆ្នាំនេះ អាចធ្លាក់ចុះ ១% ទៅ ៤% ក៏ប៉ុន្តែផលប៉ះពាល់ពី វិបត្តិមេរោគកូវីដ១៩ គឺកាន់តែធ្ងន់ធ្ងរ ទើបឈានដល់ ការព្យាករជាថ្មីម្តងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Channel News Asia។

 

នៅក្នុងឆ្នាំ២០២០ នេះ ប្រទេសសិង្ហបុរី កំពុងតែត្រៀមខ្លួន ជួបនឹងបញ្ហាសេដ្ឋកិច្ចចុះអន់ខ្សោយ ខ្លាំងបំផុត មិនធ្លាប់មានជាប្រវត្តិសាស្រ្តតាំងពី សិង្ហបុរីទទួលបានឯករាជ្យមកម្ល៉េះ ហើយការចុះអន់ខ្សោយទាបបំផុតរបស់សេដ្ឋកិច្ចសិង្ហបុរី គឺចន្លោះឆ្នាំ ១៩៩៨ ដល់ ២០០១ ដែលមានការធ្លាក់ចុះដល់ ២.២%។


ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបញ្ជាក់ថា ការព្យាករណ៍ចុងក្រោយនេះ គឺធ្វើឡើងដោយមើលឃើញពី ការធ្លាក់ចុះនៃតម្រូវការពីខាងក្រៅ និងផលប៉ះពាល់ដល់សេដ្ឋកិច្ច ដោយសារ វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ដែលរដ្ឋាភិបាលសិង្ហបុរី កំពុងតែអនុវត្ត។


លោក ហ្គាប្រ៊ីល លីម លេខាធិការអចិន្រ្តៃយ៍នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានមានប្រសាសន៍ថា វានៅតែពិបាកក្នុងការកំណត់ ចំពោះភាពមិនច្បាស់លាស់នៃមេរោគកូវីដ១៩ ថាតើ វាអាចនឹងរីកសាយភាយ ឬអូសបន្លាយដល់យូរប៉ុនណា ជាពិសេសគឺ ពិបាកលើការប៉ាន់ស្មាននៃ ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល និងសិង្ហបុរី។


ដោយសារតែបញ្ហានេះ ឧបនាយករដ្ឋមន្រ្តីសិង្ហបុរី ក៏បានបង្ហាញពី គម្រោងកញ្ចប់ថវិកាលើកទី ៤ នៅក្នុងសភា ដើម្បីដោះស្រាយនឹងបញ្ហាសេដ្ឋកិច្ចដ៏ឈឺចាប់នេះ។

 


កាលពីត្រីមាសទី ១ សេដ្ឋកិច្ចសិង្ហបុរី បានធ្លាក់ចុះ ០.៧% ធៀបនឹងឆ្នាំមុន ហើយវិស័យលក់ដុំ និងរាយ វិស័យដឹកជញ្ជូន និងស្តុកទុកទំនិញ ហើយនិងវិស័យបដិសណ្ឋាកិច្ច និងចំណីអាហារ រងផលប៉ះពាល់ខ្លាំងជាងគេ ខណៈវិស័យសុខាភិបាល ហិរញ្ញវត្ថុ និងធានារ៉ាប់រង មានកំណើនលើសពីការរំពឹងទុក។


អត្ថបទ៖ ងួន សុភ័ត្រ្តា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024