ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ធនាគារពិភពលោក៖ សេដ្ឋកិច្ចមីយ៉ាន់ម៉ា អាចនឹងធ្លាក់ចុះ ១៨% ក្នុងឆ្នាំ ២០២១នេះ

២៧ កក្កដា ២០២១ | សេដ្ឋកិច្ច

ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា អាចនឹងធ្លាក់ចុះដល់ទៅ ១៨% ដោយសារតែបញ្ហារដ្ឋប្រហារយោធា និងការផ្ទុះឡើងវិញនូវ មេរោគឆ្លងកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។

 

ធនាគារពិភពលោក បានបង្ហាញថា ប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅក្នុងសភាពវឹកវរ តាំងពីរដ្ឋប្រហារយោធា ឡើងកាន់អំណាចក្នុងខែកុម្ភៈមក ហើយពលរដ្ឋជាច្រើន ដែលមិនគោរពតាមចលនានេះ ក៏ចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចជាប់គាំងផងដែរ ធនាគារជាច្រើនបានបិទទ្វារ ហើយអាជ្ញាធរក៏មិនអាចប្រមូលពន្ធបាន។


ការបិទទីក្រុង ការធ្វើកូដកម្ម និងការបិទប្រព័ន្ធអ៊ឺនធឺណេត បានកាត់បន្ថយលំហូរសាច់ប្រាក់ និងបង្កើតជាឧបសគ្គជាច្រើន នៅក្នុងវិស័យធនាគារ ដែលធ្វើឲ្យរូបិយវត្ថុជាតិ ធ្លាក់ចុះប្រហែល ២៣% ធៀបនឹងប្រាក់ដុល្លារអាមេរិក។ធនាគារពិភពលោក បានបន្ថែមទៀតថា ការធ្លាក់ចុះនូវសេដ្ឋកិច្ចនាពេលនេះ មានន័យថា សេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា គឺតូចជាងមុន ៣០% ធៀបនឹងសេដ្ឋកិច្ចដែលគ្មានកូវីដ១៩ និងរដ្ឋប្រហារយោធា។

 


ចាប់តាំងពីមានបញ្ហារដ្ឋប្រហារយោធា វិនិយោគិនបរទេសជាច្រើន បានសម្រេចផ្អាកដំណើរការ ហើយខ្លះទៀត ដកខ្លួនចេញទាំងស្រុងតែម្តង ដោយក្នុងនោះមានក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយ ដែលមានអតិថិជនជាង ១៨លាននាក់ ក៏សម្រេចចិត្តលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ានេះដែរ។សូមជម្រាបដែរថា អត្រាប្រជាជនដែលរស់នៅក្នុងភាពក្រីក្រក្នុងប្រទេសមីយ៉ាន់ម៉ា ក៏អាចនឹងកើនឡើងទ្វេដង គិតត្រឹមដើមឆ្នាំ ២០២២ ធៀបនឹងកម្រិតក្នុងឆ្នាំ ២០១៩៕

 


អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024