ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

វិស័យអាកាសចរណ៍ថៃ កាន់តែធ្លាក់ចុះដុនដាប ដោយសារវិបត្តិជម្ងឺកូវីដ១៩

០៣ សីហា ២០២១ | សេដ្ឋកិច្ច

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានបញ្ជាក់ថា វិស័យអាកាសចរណ៍របស់ប្រទេសថៃ បន្តធ្លាក់ចុះដុនដាប ដោយសារតែបញ្ហាមិនច្បាស់លាស់នៃវិបត្តិមេរោគកូវីដ១៩ ដែលកំពុងកើតមានឡើងទៅ ប្រជាពលរដ្ឋថៃ និងភ្ញៀវបរទេសផងដែរ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។

 


អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បន្តថា នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១នេះ ចំនួនអ្នកដំណើរ ធ្លាក់ចុះ ៣៥% ហើយចំនួនជើងហោះហើរ ក៏ធ្លាក់ចុះ ២៧% តែយ៉ាងណាការដឹកជញ្ជូនទំនិញតាមយន្តហោះ ស្ថិតក្នុងកម្រិតមួយថេរ។


ដោយផ្អែកទៅលើការព្យាករណ៍របស់ធនាគារកណ្តាលថៃ គឺមានផលអវិជ្ជមានជាច្រើន ដែលកំពុងដាក់សម្ពាធទៅលើ វិស័យអាកាសចរណ៍ថៃ ដូចជាអត្រានៃការចាក់វ៉ាក់សាំង និងវិស័យទេសចរណ៍មិនអាចងើបឡើងវិញបាន។


អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ ពន្យល់ថា បើសិនជា រាជរដ្ឋាភិបាលថៃ សម្រេចទិញ និងចែកចាយវ៉ាក់សាំងកូវីដ១៩ ឲ្យបាន ១០០លានដូស នៅក្នុងឆ្នាំ ២០២១នេះ វានឹងអាចបង្កើតសហគមន៍ដែលមានប្រព័ន្ធភាពស៊ាំខ្ពស់ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ខាងមុខ ដែលវាយឺតពេល សម្រាប់ស្រោចស្រង់វិស័យទេសចរណ៍ ដែលគ្រោងនឹងចាប់ផ្តើមនៅខែតុលា ឆ្នាំនេះ។


ការធ្លាក់ចុះនូវ វិស័យទេសចរណ៍ថៃ ក៏ប៉ះពាល់ដល់ វិស័យអាកាសចរណ៍ ដោយសារតែ ថៃ ដាក់ការរឹតបន្តឹងលើការធ្វើដំណើរតាមផ្លូវអាកាស ពុំអាចបន្ធូរបន្ថយវិធានការចត្តាឡីស័កនោះទេ ហើយវិបត្តិនេះអាចនឹងអូសបន្លាយយូរទៀតផង។


ក្រសួងទេសចរណ៍ និងកីឡាថៃ បានលើកឡើងដែរថា ចំនួនអ្នកដំណើរដែលមកកាន់ប្រទេសថៃ ក្នុងឆ្នាំ ២០២១នេះ អាចនឹងមានត្រឹម ៥សែននាក់ បើទោះបីជា រាជរដ្ឋាភិបាលថៃ កំពុងបង្កើតតំបន់ពណ៌ខៀវ ដែលជាតំបន់មានសុវត្ថិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក៏ដោយ។


គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២១នេះ ចំនួនអ្នកដំណើរអន្តរជាតិ ដែលចូលមកកាន់ប្រទេសថៃ មានជាង ៤ម៉ឺននាក់ ដែលធ្លាក់ចុះពីជាង ៦លាន ៧សែននាក់ កាលពីពេលដូចគ្នា ឆ្នាំ ២០២០។


ប្រធានសមាគមក្រុមហ៊ុនអាកាសចរណ៍ថៃ បានលើកឡើងថា វិស័យអាកាសចរណ៍ថៃ កំពុងតែជួបនឹងវិបត្តិធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ ២០២០មកម្ល៉េះ ដែលចំនួនអ្នកដំណើរថយចុះដល់ទៅ ៦៤% ហើយស្ថានការណ៍បច្ចុប្បន្ននេះ កំពុងតែកាត់ផ្តាច់លំហូរសាច់ប្រាក់របស់ ក្រុមហ៊ុនអាកាសចរណ៍ បន្ទាប់ពីរាជរដ្ឋាភិបាលថៃ សម្រេចបិទជើងហោះហើរក្នុងស្រុក។


បុគ្គលិក កម្មករជាង ២ម៉ឺននាក់ មកពី ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៧ អាចនឹងបាត់បង់ការងារក្នុងពេលឆាប់ៗខាងមុខ បើសិនជា បំរាមបិទជើងហោះហើរក្នុងស្រុក នៅតែបន្តដល់ទៅ ៣ខែ ដោយគ្មានជំនួយពី រាជរដ្ឋាភិបាលថៃ។


ជាចុងក្រោយ អ្នកជំនាញនៅក្នុងវិស័យអាកាសចរណ៍ថៃ ក៏បានបង្ហើបដែរថា វិស័យអាកាសចរណ៍ គឺជាផ្នែកដ៏សំខាន់មួយ សម្រាប់វិស័យទេសចរណ៍ ដឹកជញ្ជូន និងនាំចេញ ហើយបើសិនជា មានក្រុមហ៊ុនអាកាសចរណ៍ក្ស័យធន វានឹងជះឥទ្ធិពលជាច្រើនដល់ សេដ្ឋកិច្ចរបស់ប្រទេសថៃ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024