ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកវៀតណាម បង្ហាញផែនការបើកជើងហោះហើរទៅកាន់ សហរដ្ឋអាមេរិក ជាលើកដំបូងបំផុត

៣០ សីហា ២០២១ | សេដ្ឋកិច្ច

 

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានបង្ហាញពីផែនការបើកជើងហោះហើរទៀងទាត់រវាង វៀតណាម និង សហរដ្ឋអាមេរិក ចាប់ពីខែតុលា ឆ្នាំ ២០២១ខាងមុខនេះតទៅ ហើយវាជាជើងហោះហើរលើកដំបូងបំផុត ក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពី វៀតណាម ចរចាអស់រយៈពេលជិត ២០ឆ្នាំមកនេះ។ នេះបើយោងតាមការចុះផ្សាយនៅលើ សារព័ត៌មាន Vietnam Express នៅថ្ងៃនេះ។

 


លោក លី ហុង ហា ប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានប្រាប់ដល់សារព័ត៌មានអន្តរជាតិ Bloomberg ឲ្យដឹងថា ក្រុមហ៊ុនរបស់លោក អាចនឹងប្រើប្រាស់ យន្តហោះប្រភេទ Boeing 787 ឬក៏ប្រភេទ Airbus SE A350 នៅក្នុងកម្មវិធីសម្ពោធផ្លូវហោះហើរថ្មីរវាង ទីក្រុងហូជីមិញ និងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក ដោយមានការចុះចតចាក់ប្រេងឥន្ធនៈតែម្តងប៉ុណ្ណោះ។


តាំងពីឆ្នាំ ២០២០មក ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានប្រើប្រាស់ជើងហោះហើរមិនទៀងទាត់ ដើម្បីទទួលយក ជនជាតិវៀតណាម នៅអាមេរិក ដែលធ្វើមាតុនិវត្តន៍ អំឡុងពេលកូវីដ១៩។


លោកប្រធានក្រុមហ៊ុន បានបន្តថា អំឡុងពេលដំបូងនេះ ក្រុមហ៊ុននឹងពឹងផ្អែកច្រើនទៅលើ ការដឹកជញ្ជូនទំនិញ ដោយសារតែ តម្រូវការដឹកជញ្ជូនអ្នកដំណើររវាងប្រទេសទាំង ២ អាចនឹងស្ថិតក្នុងកម្រិតទាបនៅឡើយ។


យ៉ាងណាមិញ អំឡុងពេលកូវីដ១៩នេះ ក្រុមហ៊ុន Vietnam Airlines ជាក្រុមហ៊ុនដែលរងការខាតបង់ច្រើនជាងគេបំផុតនៅក្នុងប្រទេសវៀតណាម ដោយខាតបង់ប្រាក់ប្រមាណ ៣០០លានដុល្លារអាមេរិក នៅក្នុងឆមាសទី ១ ឆ្នាំ ២០២១នេះ។


កាលពីឆ្នាំ ២០០៣ ក្រសួងដឹកជញ្ជូនវៀតណាម បានណែនាំឲ្យក្រុមហ៊ុនបម្រើសេវាកម្មហោះហើរដោយផ្ទាល់ជាមួយ អាមេរិក ឲ្យបានត្រឹមឆ្នាំ ២០០៥ តែគម្រោងនេះ ត្រូវបានពន្យារពេលមកទល់ពេលនេះ ដោយសារតែក្តីបារម្ភពី ប្រាក់ចំណេញ។


ទោះយ៉ាងណាក៏ដោយ មកទល់ពេលនេះ មានក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជើងហោះហើរតម្លៃសមរម្យ ដូចជាក្រុមហ៊ុន Vietjet និង Bamboo Airways ក៏បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ចំពោះ ជើងហោះហើរដោយផ្ទាល់ទៅកាន់ អាមេរិកនេះដែរ។


ជាក់ស្តែង អ្នកជំនាញនៅក្នុងវិស័យអាកាសចរណ៍វៀតណាម បានប៉ាន់ប្រមាណថា វិស័យអាកាសចរណ៍វៀតណាម នឹងអាចងើបឡើងវិញបាននៅក្នុង ឆ្នាំ ២០២៣-២០២៤ខាងមុខនេះ ដែលអាចនឹងត្រលប់មករកសភាពដើមវិញបាន ដូចកាលពីឆ្នាំ ២០១៩កន្លងទៅ។


ចំពោះទីផ្សារភ្ញៀវទេសចរណ៍អន្តរជាតិ ត្រូវការពេលវេលា ២ ទៅ ៣ឆ្នាំ ដើម្បីនឹងងើបឡើងវិញ ក៏ប៉ុន្តែ សម្រាប់ទីផ្សារក្នុងស្រុកវិញ គឺអាចប្រសើរឡើងបានភ្លាមៗ នៅពេលដែលរដ្ឋាភិបាលវៀតណាម អាចគ្រប់គ្រងស្ថានការណ៍មេរោគកូវីដ១៩ បាន។


បើតាមទិន្នន័យពី ការិយាល័យស្ថិតិទូទៅវៀតណាម បានបង្ហាញថា នៅក្នុងរយពេល ៧ខែ ដើមឆ្នាំ ២០២១នេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានបម្រើដល់អ្នកដំណើរជាង ១៣លាននាក់ ធ្លាក់ចុះ ៣២% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ ២០២០៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.