ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

៧ខែ ដើមឆ្នាំ វៀតណាម សម្រេចការនាំចេញទំនិញប្រមាណ ១៨៥ពាន់លានដុល្លារ មានកំណើន ២៥%

០៣ សីហា ២០២១ | សេដ្ឋកិច្ច

គិតត្រឹមរយៈពេល ៧ខែ ដើមឆ្នាំ ២០២១នេះ ប្រទេសវៀតណាម សម្រេចបាននូវ ការនាំចេញទំនិញប្រមាណ ១៨៥ពាន់លានដុល្លារអាមេរិក ដែលមានកំណើនដល់ទៅ ២៥% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Vietnam News នៅថ្ងៃនេះ។


បើតាមការិយាល័យស្ថិតិទូទៅវៀតណាម បានគូសបញ្ជាក់ថា ការនាំចេញទំនិញជាង ៤៨ពាន់លានដុល្លារអាមេរិក គឺធ្វើឡើងដោយក្រុមហ៊ុនក្នុងស្រុកវៀតណាម កើនឡើងជាង ១៤% ហើយក្រៅពីនោះ គឺនាំចេញដោយក្រុមហ៊ុនវិនិយោគដោយបរទេស រាប់បញ្ចូលទាំងការនាំចេញប្រេងផង កើនឡើង ៣០%។


នៅក្នុងខែកក្កដា កន្លងទៅថ្មីៗនេះ វៀតណាម សម្រេចការនាំចេញជាង ២៧ពាន់លានដុល្លារអាមេរិក កើនឡើង ៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ ២០២០។ការនាំចេញវត្ថុធាតុដើម និងធនធានរ៉ែ គឺមានទំហំប្រមាណ ១ពាន់ ៨រយលានដុល្លារអាមេរិក កើនឡើង ១% ខណៈទំនិញឧស្សាហកម្មកែច្នៃគឺប្រមាណ ១៦៤ពាន់លានដុល្លារអាមេរិក កើនឡើង ២៧%។


ដោយឡែកផលិតផលកសិកម្មរុក្ខាប្រមាញ់ មានជាង ១៣ពាន់លានដុល្លារ និងជលផល សម្រេចបានជិត ៥ពាន់លានដុល្លារអាមេរិក។
អំឡុងពេលនេះ អាមេរិក នៅតែដើរតួសំខាន់ ជាអ្នកទិញទំនិញវៀតណាម ច្រើនជាងគេបង្អស់ ដែលមានតម្លៃជាង ៥៣ពាន់លានដុល្លារអាមេរិក កើនឡើងដល់ទៅ ៣៧%។


យ៉ាងណាក៏ដោយ ប្រទេសចិន ជាអ្នកទិញទំនិញវៀតណាម ច្រើនលំដាប់ទី ២ ដែលមានទំហំទឹកប្រាក់ ២៨ពាន់លានដុល្លារអាមេរិក ដែលមានកំណើនដល់ទៅ ២៤% ខណៈសហភាពអឺរ៉ុប ឈរនៅលំដាប់ទី ៣ មានទំហំទីផ្សារ ២២ពាន់លានដុល្លារ កើនឡើង ១៥%។


ទោះយ៉ាងណា នៅក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២១នេះ វៀតណាម សម្រេចការនាំចូលទំនិញជាង ១៨៨ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ៣៥% ហើយក្នុងនោះ ក្រុមហ៊ុនក្នុងស្រុក ចំណាយទឹកប្រាក់ជាង ៦៦ពាន់លានដុល្លារ លើការនាំចូលនេះ។


ប្រទេសចិន ជាអ្នកនាំចេញទំនិញទៅកាន់ទីផ្សារវៀតណាម ធំជាងគេបង្អស់ ដែលមានទំហំទឹកប្រាក់ដល់ទៅ ៦២ពាន់លានដុល្លារអាមេរិក កើនឡើង ៤៨% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយចំពោះប្រទេសកូរ៉េខាងត្បូង ឈរនៅលំដាប់ទី ២ កាន់ចំណែកទីផ្សារវៀតណាម ២៩ពាន់លានដុល្លារអាមេរិក។

 


សូមជម្រាបដែរថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានគូសបញ្ជាក់ថា ដើម្បីសម្រេច គោលដៅប្រាក់ចំណូលពីការនាំចេញទំនិញ មានកំណើន ៥% នៅក្នុងឆ្នាំ ២០២១នេះ វាពិតជាចំាបាច់ណាស់ ក្នុងការជម្រុញសេដ្ឋកិច្ចឲ្យកាន់តែរឹងម៉ាំក្នុងពេលនេះ៕

 


អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024