ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

Baguette ឈ្នះ Beggar តែអ្នកចាត់ការពុំពេញចិត្តទម្រង់លេងកូនក្រុម

២១ ​វិច្ឆិកា ២០១៦ | កីឡា

ទោះ​ដណ្ដើម​បាន​៣​ពិន្ទុ​បន្ថែម​​ពី​ជ័យជម្នះ​ ២-០​ លើ​ Beggar​ FC កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១២​ កន្លង​ទៅ​ក្ដី​ តែ​អ្នក​ចាត់ការ​ BAGUETTE UNITED ពុំ​ទាន់​ពេញចិត្តលើ​ទម្រង់​លេង​របស់​​ក្រុម​ខ្លួន​នៅ​ឡើយ​ ត្បិត​មាន​ឱកាស​បំប៉ោង​សំណាញ់​ជា​ច្រើន​លើក​ច្រើន​សារ​ តែ​ធ្វើ​ពុំ​បាន​សម្រេច។

 

 

អ្នកចាត់ការទូទៅ​ក្រុម​ Baguette United លោក ​សំ រម្ម័ន លើក​ឡើង​ទាំង​មិន​​អស់ចិត្តចំពោះ​ទម្រង់​លេង​ក្រុម​​ថា ​«ក្រុម​របស់​ខ្ញុំ​ធ្វើ​មិន​បាន​ល្អ​នៅ​ឡើយ​ ពេល​លេង​គឺ​យើង​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​ច្រើន តែ​យើង​មិន​បាន​សម្រេច​អ្វី​ដែល​យើង​ចង់​បាន ថែម​ទាំង​ផ្តល់​ការ​លំបាក​ដល់​សមាជិក​ក្រុម​ថែម​ទៀត ដែល​តាម​ពិត​ទៅ យើង​គួរ​តែ​ធ្វើ​បាន​ល្អ​ជាង​នេះ​ច្រើន»។

 

បន្ថែម​លើ​នេះ​ អ្នក​ចាត់ការ​​និង​ជា​ប្រធាន​ក្រុម​ដដែល​យល់​​​ថា​ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ក្រុម​រក​គ្រាប់​បាល់​បាន​ត្រឹម​២​គ្រាប់​ ពិសេស​កង្វះ​ការ​តាំង​ចិត្ត​ លេង​លក្ខណៈ​ឯកត្តជន​ច្រើន​ជាង​ជា​ក្រុម​ និង​ការ​មើល​ស្រាល​គូ​ប្រកួត។​

 

 «លទ្ធ​ផល​បែប​នេះ គឺ​មក​ពី​ខ្វះ​ការ​តាំង​ចិត្ត​ជា​ក្រុម ហើយ​ម្យ៉ាង​ទៀត​អាច​បណ្តាល​មក​ពី​ការ​វាយ​តម្លៃ​គូ​ប្រកួត​មុន​ការ​លេង និង​លេង​មាន​លក្ខណៈ​ឯកជន​ច្រើន កត្តា​ទាំង​អស់​នេះ​ហើយ​ ដែល​ធ្វើ​​ឱ្យ​សាច់​បាល់​មិន​រលូន​ដូច​អ្វី​ដែល​យើង​ចង់​បាន»។

 

 

គេ​ចាំ​បាន​ថា​ ២​គ្រាប់​របស់​ Baguette United រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ពាក់​ស្លាក​លេខ​១៨ សញ្ជាតិ​នីហ្សេរីយ៉ា​ Nduka Raoul នៅ​នាទី​ទី​១៧ និង​នាទី​ទី​៤១។ ដោយ​ឡែក​នៅ​​ថ្ងៃ​សៅរ៍ ទី​១៩ វិច្ឆិកា​នេះ​ នឹង​មាន​ការ​ប្រកួត​រវាង​ក្រុម Home Sport FC ទល់​នឹង​ Age FC លើ​ទីលាន​KMH Park​។

 

 

ការ​ប្រកួត​ពាន​រង្វាន់​ពាក់​កណ្ដាល​អាជីព​ល្អ​ឯក​នេះ​ មាន​ផ្សាយផ្ទាល់​​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិន​អិន​ រៀង​រាល់​ថ្ងៃ​សៅរ៍ វេលាម៉ោង​៤:០០ ដល់​​៦:០០ល្ងាច។

 

​​កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​ទស្សនា! រវាង Home Sport FC និង Age FC តើ​ក្រុម មួយ​ណា​​នឹងទទួល​បាន​ពិន្ទុ​បន្ថែម​ទៀត​?​

 

ទស្សនា​ឈុត​ខ្លី​ៗ​​៖

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024