ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ទោះ​មិន​​រំពឹង​​​ឈ្នះ​ តែ​កូន​ខ្មែរ​ដាក់​ចិត្ត​លេង​មិន​ឲ្យ​របូត​គ្រាប់​បាល់​ច្រើន​ឡើយ​

០១ ធ្នូ ២០១៦ | កីឡា

អ្នក​ចាត់​ការ​ទូទៅ​ក្រុម​បាល់ទាត់​កូន​ខ្មែរ​អេហ្វស៊ី​​ លោក​ ហៃ ឡេង​ បាន​លើក​ឡើង​ពី​ក្ដី​រំពឹង​តិចតួច​របស់​ក្រុម​ខ្លួន​ ចំពោះ​ជំនួប​ទល់​នឹង​ក្រុម​ល្បី​ វិកតូរី​ ក្នុង​ព្រឹត្តិ​ការណ៍​បាល់​ទាត់​ពាក់​កណ្ដាល​អាជីព​ KMH CHAMPIONS LEAGUE នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​។​

 

ជំនួប​ដ៏​ជក់​ចិត្ត​រវាង​ កូន​ខ្មែរ​ និង​ វិកតូរី​ ក្នុង​ពាន​រង្វាន់​ KHM CHAMPIONS LEAGUE នា​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ នឹង​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន ចាប់​ពី​ម៉ោង ៤ ដល់​​៦ល្ងាច។​

 

 

លោក​ ហៃ​ ឡេង​ ពន្យល់​ថា​​ ក្នុង​ការ​ប្រកួត​នេះ​ក្រុម​លោក​ ពុំ​រំពឹង​ច្រើន​ឡើយ​​​ថា​នឹង​អាច​យក​បាន​៣ពិន្ទុ​ពី​វិកតូរី ដ្បិត​បាន​​ដឹង​ច្បាស់​​ថា វិកតូរី ជា​ក្រុម​​ប្រជុំ​ដោយ​កីឡាករ​ឆ្នើម​ៗ​ មាន​ពិសោធន៍​លេង​ក្រាស់ក្រែល​ ព្រម​ទាំង​​មាន​កីឡាករ​បរទេស​ចូលរួម​ទៀត​ផង។​

 

 

បែប​ណា​ក្ដី​ អ្នក​ចាត់​ការ​ដដែល​​​អះអាង​ថា​ ទោះ​ពុំ​រំពឹង​យក​ឈ្នះ​លើ​គូ​ប្រជែង​ ក៏​ក្រុម​របស់​ខ្លួន​ពុំ​បណ្ដោយ​ឲ្យ​ វិកតូរី​ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាម​អំពើ​ចិត្ត​​​ឡើយ​ ពោល​ពុំ​ថ្លោះ​ធ្លោយ​ចាញ់​ច្រើន​គ្រាប់​ច្រើន​ពេក​នោះ​ទេ។​ លោក​បញ្ជាក់​ថា​ ៖ « កីឡាករ​គ្រប់​គ្នា​ក្នុង​ក្រុម​សុទ្ធ​តែ​បាន​តាំង​ចិត្ត​ខិតខំ​អស់​ពី​សមត្ថភាព​រៀងៗខ្លួន​ ហើយ​ប្រឹង​ស្រូប​យក​បទ​ពិសោធ​ថ្មីៗ​ ដើម្បី​​ពង្រឹង​ក្រុម​​គុណភាព​ក្រុម​ទៅ​ថ្ងៃ​ក្រោយ។»​​

 

 

ក្នុង​ការ​​ប្រកួត​ដំបូង​ប្រចាំ​ពូល​ E កូន​ខ្មែរ​អេហ្វ​ស៊ី​ ប្រកួត​ស្មើ​ ២-២ ទល់​នឹង​ SIS STEEL ខណៈ​ វិកតូរី​ ចាញ់​ក្រុម Rolling FC ប្រផុតប្រផើយ​ ៣-៤។

 

សម្រាប់​ប្រិយមិត្ត​មាន​បំណង​ទស្សនា​ផ្ទាល់​ អាច​អញ្ជើញ​ទៅ​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​​នៅ​កីឡដ្ឋាន KMH Park ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង៕​

 

ទស្សនា​ព្រឹត្តិការណ៍​ខ្លី​ៗ​សូម​ចុច៖

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024