ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

ពានរង្វាន់​បាល់ទាត់ KMH ស្ថិត​ក្នុង​ការ​ពិចារណា​បន្ត ឬបញ្ឈប់

០៥ ឧសភា ២០២០ | កីឡា

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ នៃពានរង្វាន់បាល់ទាត់​ KMH Champions League និង KMH Cup U18 នៅ​ពុំទាន់ច្បាស់នៅឡើយ​ ពីអនាគតពានពាក់កណ្ដាលអាជីពទាំង ២នេះ ថាត្រូវបន្ត ឬត្រូវបញ្ឈប់ទាំងស្រុង នៅពេលជំងឺកូវីដ១៩ សាបសូន្យបាត់ទៅ ដ្បិតនៅសល់ពាក់កណ្ដាលរដូវកាលទៀត​ ទើបរកឃើញ​ជើងឯក។

 

តាមការឲ្យដឹងពីលោក ផុន សិរីវឌ្ឍនៈ គណៈកម្មការរៀបចំការប្រកួតលើកឡើងថា ត្រូវរង់ចាំ​មើល​ភាព​ស្រាកស្រាន្ត​របស់​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ ព្រោះ​ប្រសិន​បើ​ស្ថានការណ៍​ដូច​សព្វ​ថ្ងៃ​នៅ​តែ​បន្ត​ នោះ​នឹង​ត្រូវ​ពិចារណា​បន្ត ឬត្រូវលុបចោលការប្រកួតដែលនៅសេសសល់។

 

 

«សម្រាប់បច្ចុប្បន្ន ពីថ្នាក់ដឹកនាំទាំងអស់នៃពាន KMH គាត់ថា យើងនៅរង់ចាំមើលបន្តិចទៀតសិន ព្រោះឥលូវនៅក្នុងខែ ៥​នៅឡើយទេ ហើយរយៈពេលពានដែលនៅសេសសល់ទាំងពីរពាន បើកូវីដសះស្បើយទៅ យើងអាចរៀបចំត្រឹម ៣ខែឲ្យចប់ទាំងពីរពាន តែបើជំងឺនេះនៅអូសបន្លាយឆ្ងាយ យើងនឹងពិចារណាបន្តទៀតថាត្រូវបន្ត ឬ​ឈប់។ អ៊ីចឹងយើងអត់ទាន់ច្បាស់ទេ យើងនៅពិចារណានៅឡើយ ព្រោះថាមួយរយៈនេះក្នុងស្រុកយើងអត់មានអ្នកកើតទៀតទេ ចឹងយើងត្រូវរង់ចាំពីក្រសួង និងរាជរដ្ឋាភិបាលវិញ»។

 

 

គួររំឭកថា ពានរង្វាន់ KMH Champions League ដែលមាន២៤ក្រុមចូលរួម មាន​ប្រកួត​សរុបចំនួន​ ៩៣ប្រកួត ខណៈ KMH Cup U18 មាន ៨ក្រុមចូលរួម​ ត្រូវប្រជែងគ្នាចំនួន​ ៣០ប្រកួត ត្រូវបានផ្អាកដំណើរការ តាំង​ពីថ្ងៃទី ១៤ ខែ​មីនា ស្របតាមវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ការជំងឺដ៏កាចសាហាវ ដែលបង្កឡើងដោយវីរុស​កូរ៉ូណា៕

 

អត្ថបទ៖ តាំង លីហួរ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024