ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

តម្លៃប្រេងឆៅ កើនឡើងវិញបន្តិច បន្ទាប់ពី បណ្តាប្រទេសធំៗ សម្រេចកាត់បន្ថយផលិតកម្ម

២៨ ឧសភា ២០២០ | សេដ្ឋកិច្ច

កាលពីពេលថ្មីៗនេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសកាត់បន្ថយផលិតកម្មប្រេងឆៅ ១លានបារ៉ែល ក្នុងមួយថ្ងៃ ចាប់ពីដើមខែមិថុនា ខាងមុខនេះតទៅ ហើយរដ្ឋមន្រ្តីក្រសួងថាមពល ក៏រំពឹងថា គោលបំណងផ្តួចផ្តើមកាត់បន្ថយនេះ នឹងទាក់ទាញ បណ្តាប្រទេសដទៃ ចូលរួមនៅក្នុង កិច្ចព្រមព្រៀងរបស់ អង្គការ OPEC ដែលបានយល់ព្រមគ្នា កាត់បន្ថយផលិតកម្មប្រេង ដែលជាលទ្ធផលគឺមានការសម្រេច កាត់បន្ថយជាង ៩លាន ៧សែនបារ៉ែលក្នុងមួយថ្ងៃ។


ថ្នាក់ដឹកនាំប្រទេសរុស្ស៊ី ក៏គ្រោងនឹងបើកកិច្ចប្រជុំជាមួយវិស័យឯកជន ដើម្បីពិភាក្សាក្នុងការសម្រេចបន្ត កាត់បន្ថយផលិតកម្ម ក្រោយខែមិថុនា ខណៈបណ្តាប្រទេសជាសមាជិក អង្គការ OPEC នឹងបើកកិច្ចប្រជុំ នៅដើមខែមិថុនា អំពីការកាត់បន្ថយផលិតកម្មប្រេងនេះផងដែរ។

 


ក្រោយការសម្រេចថ្មីចុងក្រោយនេះ បានធ្វើឲ្យ តម្លៃប្រេងកើនឡើងមកវិញបន្តិច ដោយគិតត្រឹមថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០ ទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស កើនឡើងជិត ២% មកនៅ ៣៦ដុល្លារ ក្នុងមួយបារ៉ែល ខណៈទីផ្សារអាមេរិក West Texas Intermediate កើនប្រមាណ ៣% មកនៅជាង ៣៤ដុល្លារក្នុងមួយបារ៉ែល។
លើសពីនេះទៅទៀត តម្រូវការប្រើប្រាស់ប្រេង ក៏មានការកើនឡើងវិញបន្តិចដែរ បន្ទាប់ពី វិធានការទប់ស្កាត់មេរោគកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក ចិន អឺរ៉ុប និងឥណ្ឌា ត្រូវបានបន្ធូរបន្ថយមកវិញ។


ទោះយ៉ាងណា អ្នកវិភាគជាច្រើន នៅតែអះអាងអំពី ការព្រួយាបារម្ភចំពោះ រលកទី ២ នៃមេរោគកូវីដ១៩ ដែលអាចនឹងបង្កផលប៉ះពាល់អវិជ្ជមានជាថ្មីម្តងទៀតដល់ វិស័យថាមពលមួយនេះ៕


អត្ថបទ៖ ងួន សុភ័ត្រ្តា 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024