ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញអចលទ្រព្យថា តម្រូវការជួលអគារស្នាក់រួមស្ថិតក្នុងអំឡុងនៃវិបត្តិកូវីដ ១៩ ធ្លាក់ជាង ១៥ភាគរយ

០៥ សីហា ២០២១ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានឲ្យដឹងថា ការបន្តអូសបន្លាយពេលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាង ១ឆ្នាំមកនេះបានធ្វើឱ្យអត្រាស្នាក់នៅ និងតម្លៃជួលអគារស្នាក់នៅរួមក្នុងរាជធានីភ្នំពេញដែលភាគច្រើនពឹងផ្អែកលើជនបរទេសនោះ បានធ្លាក់ចុះជាបន្តបន្ទាប់ប្រមាណជាង១៥ភាគរយ ធៀបនឹងអឡុងពេលមិនទាន់ជួបវិបត្តិកូវីដ ១៩។

 


លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ថា តម្រូវការជួលអគារស្នាក់នៅ ក៏ដូចជាការជួលទីតាំងផ្សេងៗសម្រាប់ធ្វើអាជីវកម្មគឺចាប់ផ្តើមធ្លាក់ចុះតាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងសហគមន៍២០ កុម្ភៈមកម្លេះ ហើយទីផ្សារនេះកំពុងជួបបញ្ហាប្រឈមជាខ្លាំង ដោយបានបាត់បង់ភ្ញៀវជួលជាបន្តបន្ទាប់។

 


លោកច្រឹក សុខនីម បានគូសបញ្ជាក់ទៀតថា តម្រូវការទីផ្សារជួលនេះនឹងនៅតេបន្តធ្លាក់ចុះតទៅទៀតតាមពេលវេលានៃការអូសបន្លាយនៃជំងឺកូវីដ១៩ ហើយកាលណាពិភពលោកអាចគ្រប់គ្រងបាន ទើបធ្វើឲ្យវិស័យអលនទ្រព្យពិសេសគឺទីផ្សារជួលអគារស្នាក់នៅចាប់ផ្តើមវិលទៅរកសភាពធម្មតាវិញ ប៉ុន្តែយ៉ាងណាស្ថិតនៅក្នុងអំឡុងពេលនេះម្ចាស់អាជីវកម្មលើសំណង់អគារជួលទាំងនេះប្រឈមថយចុះនៃប្រាក់ចំណូល។
 

 


យោងតាមរបាយការណ៍ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia  គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញមាន អគារស្នាក់នៅរួម អាផាតមិនប្រភេទកម្រិត A និង Bសរុប ៥៤គម្រោងស្មើនឹងបន្ទប់ស្នាក់នៅសរុប ៣ពាន់២០០យូនីត។ ក្នុងនោះ ៤៨ភាគរយស្ថិតនៅខណ្ឌបឹងកេងកង និង២៧ភាគរយស្ថិតនៅខណ្ឌចម្ការមន ខណ្ឌដូនពេញ ១៧ភាគរយ ខណ្ឌជ្រោយចង្វារ ៥ភាគរយ និងខណ្ឌទួលគោក ៣ភាគរយ។ 


ដោយសារទីផ្សារអគារស្នាក់នៅរួមនេះភាគច្រើនបំផុតពឹងផ្អែកលើភ្ញៀវជនជាតិបរទេស ហេតុនេះការរឹតត្បឹតការធ្វើដំណើរឆ្លងប្រទេសបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារមួយនេះ ដោយអត្រាស្នាក់នៅជារួមសម្រាប់អគារស្នាក់នៅរួមកម្រិត A និង B ក្នុងឆមាសទី១ មានប្រមាណ ៥០ភាគរយធ្លាក់ចុះពីប្រមាណ ៦០ភាគរយ កាលពីចុងឆ្នាំ២០២០ ។


យ៉ាងណា បើតាមការព្យាកររបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia នៅក្នុងឆមាសទី២ ឆ្នាំ២០២១ នឹងមានគម្រោងអគារស្នាក់នៅរួមអាផាតមិនចំនួន ៣ទីតាំងបញ្ចប់ការសាងសង់ជាមួយបន្ទប់ស្នាក់នៅសរុប ៣៩៥យូនីតបន្ថែមទៀត៕

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024