ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

តម្លៃជ្រូករស់ នៅប្រទេសចិន បន្តធ្លាក់ចុះទាប ក្រោយការផ្គត់ផ្គង់គ្រប់គ្រាន់

០៦ កក្កដា ២០២១ | សេដ្ឋកិច្ច

ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិន បានបង្ហាញថា តម្លៃជ្រូករស់ នៅក្នុងប្រទេសចិន បានបន្តធ្លាក់ចុះ ក្រោយពីមានការផ្គត់ផ្គង់គ្រប់គ្រាន់ឡើងវិញ ដែលធ្វើឲ្យប្រាក់ចំណូលរបស់អ្នកចិញ្ចឹមជ្រូក កាន់តែស្តួចស្តើង។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន CCTV នៅថ្ងៃនេះ។

 

ក្រសួងកសិកម្មចិន បានបន្តទៀតថា តម្លៃជ្រូករស់ នៅដើមខែកក្កដានេះ គឺប្រមាណ ២ដុល្លារ ៤០សេន ក្នុងមួយគីឡូក្រាម ដែលមានការធ្លាក់ចុះ ៥៣% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។


ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក នៅក្នុងខេត្តហឺប៉ី ដែលជាតំបន់ចិញ្ចឹមជ្រូកសំខាន់ជាងគេ បានលើកឡើងថា តម្លៃជ្រូកបានបន្តធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ ដោយកាលពីខែកុម្ភៈកន្លងទៅ តម្លៃសាច់ជ្រូក គឺប្រមាណ ៤ដុល្លារ ៦០សេន ក្នុងមួយគីឡូក្រាម ក៏ប៉ុន្តែនាពេលបច្ចុប្បន្ន ចុះមកនៅត្រឹម ១ដុល្លារ ៥០សេនប៉ុណ្ណោះ។


របាយការណ៍ពី រដ្ឋាភិបាលចិន បានបង្ហាញថា នៅក្នុងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ តម្លៃសាច់ជ្រូក បន្តកើនឡើងខ្ពស់ដល់ចំណុចកំពូល ៦ដុល្លារ ២០សេន ក្នុងមួយគីឡូក្រាម ដែលធ្វើឲ្យ អ្នកចិញ្ចឹមជ្រូកជាច្រើន ចាប់ផ្តើមពង្រីកផលិតកម្ម និងចិញ្ចឹមជ្រូកធំៗ ដើម្បីចាប់យកចំណែកទីផ្សារ។


យ៉ាងណាមិញ ចូលមកដល់ឆ្នាំ ២០២១នេះ គ្រួសារជាច្រើន បានចិញ្ចឹមជ្រូកយកសាច់ ដែលមានទំហំធំ លើសពីស្តង់ដារដល់ទៅ ២ដង ដើម្បីទទួលបានប្រាក់ចំណូលច្រើនពី ជ្រូកនីមួយៗ តែការផ្គត់ផ្គង់កើនឡើងខ្ពស់ក្នុងពេលដ៏ខ្លីដូចនេះ បានធ្វើឲ្យតម្លៃជ្រូករស់ ធ្លាក់ចុះមកវិញ។

 


ជាចុងក្រោយ អ្នកជំនាញអះអាងថា ការកើនឡើងនូវផលិតកម្ម គួបផ្សំនឹងការប្រើប្រាស់សាច់ជ្រូកតិចជាមុនអំឡុងពេលរដូវក្តី និងការកើនឡើងនូវការនាំចូលសាច់ជ្រូកកក បានក្លាយជារនាំងការពារមិនឲ្យ សាច់ជ្រូកឡើងថ្លៃវិញបានអំឡុងពេលនេះ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024