ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ក្រសួងកសិកម្ម កំពុងត្រៀមដាក់ចេញគោលនយោបាយដំណាំទុរេននៅកម្ពុជា

៣១ ឧសភា ២០២១ | សេដ្ឋកិច្ច

ក្រសួងកសិកម្ម កំពុងត្រៀមដាក់ចេញគោលនយោបាយដំណាំទុរេន ដើម្បីលើកកម្ពស់សក្តានុពលដំណាំទុរេនក្នុងស្រុក និងជម្រុញការនាំចេញ ខណៈមើលឃើញដំណាទុរេន កំពុងមានសក្តានុពលលើទីផ្សារ។

 

រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអះអាងកាលពីពេលថ្មីៗនេះថា ដំណាំទុរេនកំពុងតែមានសក្តានុពលទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងត្រៀមរៀបចំដាក់ចេញនូវគោលនយោបាយមួយចំនួនដើម្បីគាំទ្រដល់ការលើកកម្ពស់ដំណាំទុរ៉េននៅកម្ពុជា។

 


នៅក្នុងគោលនយោបាយដែលក្រសួងកសិកម្មគ្រោងនឹងដាក់ចេញនេះរូមមាន រៀបចំផែនការ និងទិសដៅពង្រីកការដាំដំណាំទុរេន និងដំណាំឈើហូបផ្លែ ដែលមានសក្តានុពលសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។ បង្កើតស្ថានីយបង្កាត់ និងផលិតពូជទុរេននិងដំណាំហូបផ្លែដែលពេញនិយមសម្រាប់ផ្គត់ផ្គង់ដល់កសិករដើម្បីងាយស្រួលដាក់លក់នៅលើផ្សារក្នុង និងក្រៅប្រទេស។

 


អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីជួយសម្រួលដល់ខ្សែច្រវាក់ផលិតកម្មដំណាំទុរេន និងដំណាំហូបផ្លែផ្សេងទៀត និង បណ្តុះបណ្តាលបច្ចេកទេសដាំដុះទំនើប រួមទាំងបច្ចេកទេសមុននិងក្រោយប្រមូលផលដល់អ្នកដាំដុះឱ្យស្របតាមស្តង់ដារសុវត្ថិភាព ឆ្លើយតមនឹងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ។ និងព្រមទាំងចងក្រងសហគមន៍ផលិតដំណាំទុរេន និងដំណាំហូបផ្លែដើម្បីជំរុញផលិតកម្មស្របតាមស្ដង់ដារនិងតម្រូវការទីផ្សារ។

 


ក្រសួងកសិកម្មបញ្ជាក់ទៀតថា ក្រសួងគឺលើកទឹកចិត្តដល់វិស័យឯកជនក្នុងការបង្កើតការវិនិយោគ ដើម្បីជំរុញខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេស។ រៀបចំបង្កើតសហព័ន្ធកសិឧស្សាហកម្មកម្ពុជា ដើម្បីគាំទ្រលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម និងកសិធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 


រដ្ឋមន្រី្តក្រសួងកសិកម្មបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ពាន់២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ពាន់ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ម៉ឺន ៦៥៦តោនក្នុង១ឆ្នាំ៕

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024