ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

កម្ពុជាសម្រេចការនាំចេញផលិតផលឆមាសទី១សម្រេចបានជាង ៤លាន៤៥ម៉ឺនតោន

០១ កក្កដា ២០២១ | សេដ្ឋកិច្ច

ក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជម្ងឺកូវិដ ១៩ កម្ពុជានៅតែសម្រេចការនាំចេញផលិតផលកសិកម្មក្នុងកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ជាក់ស្តែងរយៈពេល៦ ខែដើមឆ្នាំ២០២១ នេះ កម្ពុជាសម្រេចការនាំចេញផលិតផលកសិកម្ម ក្នុងបរិមាណនាំចេញសរុបជាង ៤លាន៤៥ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ កើនឡើងជាង២លានតោន។

 


រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់នៅក្នុងគេហទំព័របណ្តាញសង្គមរបស់ខ្លួនថា លទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១ សម្រេចបាន ៤លាន៤៥ម៉ឺនតោនដោយបាននាំចេញទៅកាន់គោលដៅ៦២ ប្រទេស គឺមានការកើនឡើងជាង២លានតោន ស្មើនឹងជាង ៨៤ភាគរយ។

 


កសិផលសំខាន់ៗដែលត្រូវបាននាំចេញនាពេលនេះមានផលិតផលអង្ករត្រូវបាននាំចេញក្នុងបរិមាណសរុបជាង ២៩ម៉ឺនតោន ស្រូវត្រូវបាននាំចេញជាង ១លាន៦៩ម៉ឺនតោន ខណៈផលិតផលកសិផលក្រៅពីអង្ករ និងស្រូវមានចំនួនជាង ៣លាន២៧ម៉ឺនតោន កើនឡើងជាង១លានតោន។

 


ជារួមការនាំចេញកសិផលសរុបក្នុងរយៈពេល៦ខែឆ្នាំ២០២១ មានកំណើនល្អ ដោយបានកើនឡើងរហូតជាង ៨៤ ភាគរយក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងជាង១០៧ភាគរយប៉ុន្តែដោយឡែកសម្រាប់ការនាំចេញអង្ករមានការថយចុះជាង ២៩ភាគរយដោយសារកង្វះទូរកុងតេន័រ និងតម្លៃដឹកជញ្ជូនកើនឡើង ស្របគ្នានោះតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះពិសេសសហគមន៍អឺរ៉ុប៕

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024