ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ស្ថានភាពទឹកទន្លេបន្តហក់ឡើង ខណៈព្យុះទី៧ នៅតែបន្តមានឥទ្ធិពល

៣០ កក្កដា ២០២១ | ព័ត៌មានជាតិ

ដូចការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមឃើញថា ប៉ុន្មានថ្ងៃមកនេះ ស្ថានភាពទឹកទន្លេ ទាំងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ បាន និងកំពុងហក់ឡើងជាបន្តបន្ទាប់។ តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ ដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ។

 


តាមតារាងព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលភីអិនអិនទទួលបាននៅថ្ងៃទី២៩ ខែកក្កដានេះឃើញថា ស្ថានភាពទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ បាននិងកំពុងហក់ឡើងជាបន្តបន្ទាប់។ ជាក់ស្តែង ស្ថានភាពទឹកទន្លេមេគង្គក្រចេះ នៅថ្ងៃនេះ មានកម្ពស់ជាង ១៦ម៉ែត្រ ដែលមានការហក់ឡើងរយៈពេល ១សប្តាហ៍មកនេះ ជាង ៣ម៉ែត្រឯណោះ។  


ជាការកត់សម្គាល់ ការបន្តហក់ឡើងនេះ ដូចការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងរយៈពេលកន្លងមក ដែលព្យុះទី ៧ ឈ្មោះ សេមប៉ាកា (CEMPAKA) និងបណ្ដាឥទ្ធិពល នៃព្យុះផ្សេងៗទៀត និងប្រព័ន្ធនានា ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គបានធ្វើឲ្យ មានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើមាន ចិន ថៃ និងប្រទេសឡាវ ព្រមទាំងតំបន់ខ្ពង់រាបភាគឦសាន ប្រទេសកម្ពុជា។

 


ស្ថានភាពបែបនេះ អាចបណ្ដាលឲ្យជន់លិច តំបន់ទំនាបអមមាត់ទន្លេមេគង្គខាងលើនៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ។ ហើយជាថ្មីម្តងទៀត ក្រសួងបានអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេងគង្គ និងតំបន់ទំនាបនានា បង្កើនការយកចិត្តទុកដាក់ប្រុងប្រយត្ន័គ្រោះថ្នាក់ផ្សេងៗដោយយថាហេតុ ក៏ដូចជារួសរាន់ប្រមូលកសិផលឲ្យបានទាន់ពេលវេលា។


យ៉ាងណាមិញ គួរកត់សម្គាល់ដែរ ចំពោះអាកាសធាតុមានពពកខ្មៅដេរដាស់  និងមានភ្លៀងធ្លាក់នៅតាមតំបន់ផ្នែកជាច្រើននោះ ក៏ជាកត្តាអំណោយផលល្អចំពោះវិស័យកសិកម្មដូចជា ស្រូវរដូវវស្សា និងដំណាំកសិកម្មផ្សេងៗទៀតដែរ។ 

 


សូមបញ្ជាក់ជូនដែរថា  ការហក់ឡើងទឹកទន្លេប៉ុន្មានថ្ងៃមកនេះ មិនទាន់ដល់កម្រិតកម្ពស់ ដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ។ ពោលគឺបើទឹកកើនឡើងចន្លោះប្រហែលពី ៤-៦ម៉ែត្រទៀត ទើបដល់កម្ពស់ឲ្យប្រុងប្រយ័ត្ន។ ហើយបើមើលនៅក្នុងតារាងព្យាករណ៍នៅតាមស្ថានីយជលសាស្ត្រទាំង៧ ចាប់ពីថ្ងៃស្អែកដល់ដើមខែសីហា ទឹកទន្លេនឹងមានការធាក់ថយមកវិញបន្តិច៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024