ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ក្រសួងធនធានទឹកណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុធម្មជាតិ ដល់ថ្ងៃទី២០ ខែកក្កដា

១៥ កក្កដា ២០២១ | ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះខ្យល់កន្រ្តាក់ និងថែរក្សាសុខភាព ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបញ្ចៀសផលប៉ះពាល់នានា ដែលកើតមានឡើងជាយថាហេតុ។

 


សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកក្កដានេះទៅ  ប្រទេសកម្ពុជា បាន និងកំពុងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប  ហើយបន្តពីថ្ងៃទី១៥ដល់២០ ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ នឹងកើតឡើងសាជាថ្មីហើយបង្កើនឥទ្ធិពលរបស់ខ្លួនជាលំដាប់ ដោយអូសបន្លាយកាត់លើព្រះរាជាណាចក្រកម្ពុជា គួបផ្សំនឹងខ្យល់មូសុងនិរតី ក៏មានល្បឿនជាបង្គួរផងដែរ។

 


ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាប កណ្ដាល នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំនឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ ក្នុងអំឡុងពេលជាមួយគ្នាផងដែរផ្នែកខ្លះនៃបណ្តាខេត្តមួយចំនួន ក៏នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំង ។


ចំណែកឯបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងដូចគ្នា ។ រីឯតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ទន្ទឹមនឹងនោះនៅលើផ្ទៃសមុទ្រក៏នឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។ ក្រសួងធនធានទឹកអំពាវដល់ពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុភូត ធម្មជាតិរួមផ្គររន្ទះ ខ្យល់កន្ត្រាក់ ជាដើម។

 


សូមបញ្ជាក់ថា តាមការជូនដំណឹងនាពេលកន្លងមក ក្រសួងធនធានទឹកបានអះអាងថា រដូវវស្សាឆ្នាំនេះមានដំណើរការល្អ បង្កលក្ខណៈដល់ការប្រកបរបរកសិកម្ម។ ដោយឡែកចំពោះកូនរដូវប្រាំងក្នុងរដូវវស្សាដែលតែង តែកើមានធ្វើឲ្យរាំងស្ងួតនៅចន្លោះចុងខែកក្កដា ដល់ដើមខែសីហានោះ ក៏ទំនងជាមិនកើតមាននោះដែរ៕


អត្ថបទ៖ សំ ជំនាញ    រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024