ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្ន ខណៈកម្ពុជា នឹងទទួលឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង

១៩ ឧសភា ២០២១ | ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែឧភា ឆ្នាំ២០២១។ ក្រសួង បានអំពាវនាវអោយពលរដ្ឋប្រុងប្រយ័ត្នខ្ពស់នូវបាតុភូតធម្មជាតិ ដែលអាចកើតមានក្នុងរយៈពេលនេះ។

 


យោងតាមការចេញផ្សាយនៅថ្ងៃនេះ ក្រសួងធនធានទឹក និងឧត្តុនិយម បានបញ្ជាក់ថា ក្នុងអំឡុង១សប្តាហ៍ទៅមុខនេះ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជាខ្លាំង ដែលស្ថានភាពបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។ ជាក់ស្ដែងបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីម្រិតមធ្យមទៅច្រើន និងផ្នែកមួយចំនួនមានភ្លៀងធ្លាក់ខ្លាំង។

 


ចំពោះបណ្ដាខេត្តនៅតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានភ្លៀងធ្លាក់រាយពីមធ្យមទៅច្រើន ខណៈតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ខ្លាំងជាមួួយនឹងខ្យល់បក់ខ្លាំងធ្វើឳ្យមានរលកធំៗ។ ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បាន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅក្នុងរយៈពេលនេះ។ សម្រាប់តំបន់មាត់សមុទ្រ ក្រសួងស្នើអោយប្រជានេសាទ និងអ្នកធ្វើទេសចរណ៍ផ្លូវទឹកមានការប្រុុងប្រយ័ត្នខ្ពស់ចំពោះលឿនខ្យល់ខ្លាំង និងរលកសមុទ្រធំៗ។

 


សូមបញ្ជាក់ថា យោងតាមកាតចេញផ្សាយកន្លងមកក្រសួង ធនធានទឹក និង ឧតុនិយម បាន បញ្ជាក់ ថាដើមរដូវ វស្សា ផ្ដើមពីសប្ដាហ៍ទី១ខែឧសភាឆ្នាំ ២០២១ នេះ មានការ អំណោយផល ល្អសម្រាប់ប្រទេស កម្ពុជាដោយមានភ្លៀងធ្លាក់ច្រើនបង្ករលក្ខណៈដល់ការដាំដុះដំណាំកសិកម្ម និងការធ្វើស្រែចម្ការ។ ដោយឡែក ពាក់កណ្តាលរដូវវស្សាចាប់ពីខែសីហា ដល់ខែកញ្ញា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយ បានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន នឹងអាចខ្ពស់ ជាងមធ្យមភាគច្រើនឆ្នាំ ខណៈចុងរដូវវស្សា បញ្ចប់នៅខែវិច្ឆិកា។ យ៉ាងណាបើតាមក្រសួងធនធានទឹក កូនរដូវប្រាំងនៅក្នុងរដូវវស្សាឆ្នាំ ២០២១ នេះអាចនឹងមិនកើតមាននោះទេ៕


អត្ថបទ៖ សំ ជំនាញ    រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024