ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ទឹកទន្លេមេគង្គនឹងចាប់ហក់ឡើងខ្លាំង ក្នុងពេល ៣ ទៅ ៤ថ្ងៃខាងមុខ តែមិនទាន់ដល់កម្រិតឲ្យប្រុងប្រយ័ត្ននោះទេ

២៧ កក្កដា ២០២១ | ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅអមសងខាងដងទន្លេមេគង្គ និងតំបន់ទំនាបនានា ត្រូវត្រៀមលក្ខណៈទុកជាមុន ខណៈស្ថានភាពទឹកទន្លេមេគង្គ នឹងចាប់ហក់ឡើងខ្លាំង ក្នុងពេល ៣ ទៅ ៤ថ្ងៃខាងមុខ។ ប៉ុន្តែ តាមការព្យាករណ៍ ការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ ដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ។

 


ក្នុងរយៈពេល ៣ ទៅ ៤ថ្ងៃខាងមុខនេះ ស្ថានភាពទឹកទន្លេមេគង្គនឹងបន្តហក់ឡើងខ្លាំង ដែលអាចបណ្តាឲ្យលិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ។ 
ក៏ប៉ុន្តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ។ នេះបើតាមការជូនដំណឹងស្តីពីស្ថានភាពទឹកទន្លេមេគង្គ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកក្កដានេះ។


បើតាមក្រសួងធនធានទឹក ការហក់ឡើងនៃទឹកទន្លេមេគង្គនេះ ដោយសារក្នុងរយៈពេលកន្លងមក ព្យុះទី៧ ឈ្មោះ សេមប៉ាកា និងបណ្តាឥទ្ធិពលនៃព្យុះផ្សេងៗទៀត និងប្រព័ន្ធនានា ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើមាន៖ ចិន ថៃ ឡាវ និងតំបន់ខ្ពង់រាបភាគឥសានប្រទេសកម្ពុជា។

 


ជាមួយគ្នានេះ នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានបង្ហាញតារាងព្យាករណ៍កម្ពស់ទឹកឲ្យដឹងថា  គ្រប់ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាន និងកំពុងហក់ឡើងជាបន្តបន្ទាប់ចាប់ពីថ្ងៃនេះតទៅ។ ក្នុងនោះ នៅក្នុងចំណោមស្ថានីយទាំង ៧ ឃើញថា ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង ទឹកនឹងហក់ឡើងជាង ១ម៉ែត្រ ពោលគឺពីកម្ពស់ទឹកបច្ចុប្បន្នជាង ៦ម៉ែត្រ ទៅដល់ជាង ៧ និង ៨ម៉ែត្រ ក្នុងពេល ២ទៅ ៣ថ្ងៃខាងមុខនេះ។


រីឯនៅស្ថានីយផ្សេងទៀត ដូចជាទន្លេមេង្គ-ក្រចេះ, មេគង្គ-កំពង់ចាម, អ្នកលឿង, ទន្លេបាសាក់-ចតុមុខ, កោះខែល និងទន្លេបសាប-ព្រែកក្តាម ទឹកក៏នឹងហក់ឡើងក្នុងរង្វង់ពីកន្លះម៉ែត្រ ដល់ទៅជាង ១ម៉ែត្រដែរ  រហូតដល់ថ្ងៃទី២៩ ខែកក្កដា។ នេះបើតាមតារាងព្យាករណ៍ដដែល។

 


យ៉ាងណាក៏ដោយ កម្ពស់ទឹកដែលនឹងហក់ឡើងខ្លាំងក្នុងប៉ុន្មានថ្ងៃខាងមុននេះ មិនទាន់ដល់កម្រិតកម្ពស់ឲ្យប្រុងប្រយ័ត្ននៅឡើយទេ។ ក៏ប៉ុន្តែក្រសួងធនធានទឹក បានអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេងគង្គ និងតំបន់ទំនាបនានា បង្កើនការយកចិត្តទុកដាក់ប្រុងប្រយត្ន័គ្រោះថ្នាក់ផ្សេងៗ ដោយយថាហេតុ ក៏ដូចជារួសរាន់ប្រមូលកសិផលឲ្យបានទាន់ពេលវេលា៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024