ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ពលរដ្ឋ សូមប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ

១២ ឧសភា ២០២១ | ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែឧសភា នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៨ ខែឧសភា ឆ្នាំ២០២១។ ក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់នូវបាតុភូតធម្មជាតិ ដែលអាចកើតមានក្នុងរយៈពេល ១សប្តាហ៍នេះ។

 


យោងតាមការចេញផ្សាយនៅថ្ងៃនេះក្រសួងធនធានទឹក និងឧត្តុនិយមបានបញ្ជាក់ថា ក្នុងអំឡុង១សប្តាហ៍ទៅមុខនេះ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលស្ថានភាពបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ពីកម្រិតមធ្យមទៅបង្គួរ។ ម្យ៉ាងទៀត ស្ថានភាពនេះក៏អាចធ្វើអោយផ្នែកមួយចំនួននៃបណ្ដាខេត្តភាគកណ្ដាល ភាគខាងត្បូង និងបណ្ដាខេត្តនៅភាគខាងកើតជាប់ប្រទេសវៀតណាម មានភ្លៀងធ្លាក់ក្នុងបរិមាណច្រើន។

 


ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បាន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅផ្នែកខ្លះនៃបណ្តាខេត្តតំបន់វាលទំនាបកណ្តាលភាគខាងត្បូង ភាគពាយ័ព្យ និងបណ្តាខេត្តខាងកើត ជាប់ប្រទេសវៀតណាម ពីថ្ងៃទី១៣-១៦ ខែឧសភា។

 


សូមបញ្ជាក់ថា យោងតាមកាតចេញផ្សាយកន្លងមកក្រសួង ធនធានទឹក និង ឧតុនិយម បាន បញ្ជាក់ ថាដើមរដូវ វស្សា ផ្ដើមពីសប្ដាហ៍ទី១ខែឧសភាឆ្នាំ ២០២១ នេះ មានការ អំណោយផល ល្អ សម្រាប់ ប្រទេស កម្ពុជាដោយមានភ្លៀងធ្លាក់ច្រើន។ 

 


ដោយឡែក ពាក់កណ្តាលរដូវវស្សាចាប់ពីខែសីហា ដល់ខែកញ្ញា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយ បានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន នឹងអាចខ្ពស់ ជាងមធ្យមភាគច្រើនឆ្នាំ ខណៈចុងរដូវវស្សា បញ្ចប់នៅចុងខែវិច្ឆិកា។ យ៉ាងណាកូនរដូវប្រាំងនៅក្នុងរដូវវស្សាឆ្នាំ ២០២១ នេះអាចនឹងមិនកើតមាននោះទេ៕


អត្ថបទ៖ សំ ជំនាញ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024