ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អ្នករស់នៅបណ្តាខេត្តតំបន់វាលទំនាបកណ្តាល សូមប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

១៤ មេសា ២០២១ | ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៤ ដល់២០ ខែមេសា។ ក្រសួងបានបញ្ជាក់ថា បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ អាចកើតមាន ជាពិសេសនៅបណ្តាខេត្តតំបន់វាលទំនាបកណ្តាល សូមបន្តប្រុងប្រយ័ត្នខ្ពស់ ខណៈបាតុភូតធម្មជាតិនេះ បានបង្កការខូចខាតផ្ទះសម្បែង និងសម្លាប់ជីវិតមនុស្សផងដែរ។

 


ដូចការព្យាករណ៍ទុកជាមុនរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីសប្តាហ៍មុន ភ្លៀងបានចាប់ធ្លាក់ស្ទើរទូទាំងប្រទេស ដោយនៅតំបន់ខេត្តខ្លះ ជាពិសេសបណ្តាខេត្តភាគពាយ័ព្យមានផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើន រងការខូតខាតដោយសារខ្យល់កន្ត្រាក់ និងមានមនុស្សស្លាប់ដោយសារបាតុភូតធម្មជាតិនេះផងដែរ។


នៅថ្ងៃទី១៣ ខែមេសានេះ ក្រសួងធនធានទឹក បានជូនដំណឹងថ្មីមួយទៀតពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ មេសា។ បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក មួយសប្តាហ៍បន្ទាប់ទៅនេះ កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពោធទាបឥណ្ឌា និងខ្យល់អាគ្នេយ៍បក់នាំសំណើមពីសមុទ្រចិនខាងត្បូង។ 

 


ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ខេត្តនៅភាគខាងត្បូង ភាគពាយ័ព្យ ខេត្តជាប់ជួយភ្នំដងរែក ខ្ពង់រាបឥសាន និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម បង្គួរ ក្នុងនោះ ក៏មានខេត្តខ្លះអាចមានភ្លៀងធ្លាក់ច្រើន។


ជាមួយនឹងការព្យាករណ៍នេះ ក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជាពលរដ្ឋសូមបន្តការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចនឹងកើតមានញឹកញាប់ ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល។

 


សូមជម្រាបថា រយៈពេលមួយសប្តាហ៍កន្លងទៅ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមេសា ឃើញថា ភ្លៀងបានធ្លាប់គ្របដណ្តប់ស្ទើរទូទាំងប្រទេស ក្នុងនោះ ខេត្តមួយចំនួនមានដូចជា៖ ខេត្តឧត្តរមានជ័យ នៅភូមិត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង និងអាគារសាលាស្រុក, នៅក្រុងប៉ៃលិន ផ្ទះប្រជាពលរដ្ឋ ០៤ខ្នង បានប៉ើងរបើកដំបូល, ខេត្តកណ្តាល ស្រុកកណ្តាលស្ទឹង ផ្ទះពលរដ្ឋរបើកដំបូល ០៦ខ្នង ក្នុងនោះ០៤ខ្នង នៅភូមិពាមជីនិច ឃុំកំពង់លួង ស្រុកពញាឮ និងចំនួន ០២ខ្នងទៀត នៅឃុំព្រះពុទ្ធ និងឃុំទ្រា។

 


ដោយឡែក នៅខេត្តសៀមរាប មានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្ទាក់បណ្ដាលឲ្យប៉ះពាល់ ដល់ផ្ទះប្រជាពលរដ្ឋចំនួន ០៣ឃុំ ស្ថិតនៅក្នុងស្រុកប្រាសាទបាគង ឃុំមានជ័យ និងឃុំត្រពាំងធំ របើកដំបូលនិងជញ្ជាំង ២០ខ្នង និងដើមដូងដួលលើតូបលក់ដូរ ០១តូប និងឃុំរលួស។ នៅខេត្តមណ្ឌលគិរី ស្រុកកែវសីមា ឃុំស្រែខ្ទុមឯណោះវិញ មានករណីខ្យល់កន្ត្រាក់របើកដំបូលផ្ទះចំនួន ០៣ខ្នង។ ប៉ុន្តែឧប្បទ្ទវហេតុនៅខេត្តទាំងពីរនេះ ពុំមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។

 


ចំណែកឯនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអង្គារម្សិលមិញ មានភ្លៀងធ្លាក់ លាយជាមួយខ្យល់កន្រ្តាក់ ធ្វើឲ្យប៉ះពាល់ដល់ឃុំចំនួន ០២គឺ៖ ឃុំរហាត់ទឹក របើកដំបូលផ្ទះ ០១ខ្នង នៅភូមិថ្នល់បត់ របើកស័ង្កសីចំនួន ៣០សន្លឹក និងឃុំសឿ នៅភូមិបល្ល័ង្គជ្រៃ ខូចខាតលំនៅឋានធ្ងន់ធ្ងរ ០៦ខ្នង ខូចស័ង្កសី ១៧០សន្លឹក ក្នុងនោះក៏បណ្តាលឲ្យក្មេងប្រុសម្នាក់ អាយុ ០៥ឆ្នាំ បានស្លាប់ ខណៈបញ្ជូនមកមន្ទីរពេទ្យ ដោយមូលហេតុ ផ្ទះរលំសង្កត់៕


អត្ថបទ៖ អឿន ភារ៉ា         រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024