ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សប្ដាហ៍ទី១នៃខែមិថុនានេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត ៨ម៉ឺននាក់

០៨ មិថុនា ២០២១ | ព័ត៌មានជាតិ

របាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា បានអោយដឹងថា នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍មុន គឺចាប់ពីថ្ងៃ០៥ ដល់ថ្ងៃទី០៦ ខែមិថុនា ដែលជាសប្ដាហ៍ទី១ នៃខែមិថុនា កម្ពុជាបានទទួលភ្ញៀវទេសចរ ដែលភាគច្រើន ជាភ្ញៀវទេសចរផ្ទៃក្នុង ជិត ៨ម៉ឺននាក់ ក្នុងក្របខណ្ឌទូទំាងប្រទេស។

 


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអោយដឹងបន្ថែមលើរបាយការណ៍ថា ចំនួនទេសចរជិត ៨ម៉ឺននាក់នេះ មានការកើនឡើងប្រមាណជាង ៧ភាគរយ ធៀបនឹងសប្តាហ៍កន្លងមក។ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា កាលពីឆ្នាំ២០២០នោះ គឺថយចុះជាង ៤៩%។ 

 


ក្រសួងទេសចរណ៍ លើកឡើងថា ភាគច្រើននៃភ្ញៀវទេសចរ គឺទៅទស្សនារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងអេកូទេសចរណ៍ ដែលមានហានិភ័យទាបពីជំងឺកូវីត១៩។ ដោយឡែក តំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួន ដែលមានការកើនឡើងនៃជំងឺកូវីដ-១៩    គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានបង្កើននូវវិធានការគ្រប់គ្រង និងការបិទខ្ទប់នៅតំបន់ខ្លះ ដែលធ្វើឱ្យចំនួនទេសចរនៅតាមគោលដៅទេសចរណ៍នៅតំបន់ទាំងនោះមានការថយចុះជាងសប្តា៍មុន។ 

 


ប៉ុន្តែជារួម បើយោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ភាគច្រើន បានបន្តខិតខំអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗផងដែរ៕


អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024