ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

អ្នកទេសចរជិត ៧ម៉ឺននាក់ ធ្វើដំណើរកំសាន្តក្នុងក្របខណ្ឌទូទំាងប្រទេស នៅថ្ងៃចុងសប្តាហ៍កន្លងទៅ

១៣ កក្កដា ២០២១ | ព័ត៌មានជាតិ

របាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ទំាង ២៥ របស់កម្ពុជា ផ្ញើជូនមកកាន់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃនេះ បានអោយដឹងថា ក្នុងរយៈពេល ២ថ្ងៃនៃថ្ងៃឈប់សម្រាក ចុងសប្តាហ៍ ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា កន្លងទៅ មានអ្នកទេសចរជិត ៧ម៉ឺននាក់ បានធ្វើដំណើរកំសាន្ត ទៅកាន់ទីតាំងទេសចរណ៍នានា នៅក្នុងក្របខណ្ឌទូទំាងប្រទេសកម្ពុជា។ 

 


តួលេខនៃចំនួនអ្នកទេសចរនេះ ថយចុះប្រមាណជាង ៥% បើធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណជាង ៦២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ កន្លងទៅ។ ការថយចុះនៃចំនួនភ្ញៀវទេសចរនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អះអាងថា ដោយសារការរឹតបន្តឹងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍មួយចំនួន ដែលប្រឈមហានិភ័យនៃការកើនឡើងជំងឺកូវីដ-១៩។

 


ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម ថោង ខុន កត់សំគាល់ថា គោលដៅទេសចរណ៍តំបន់ឆ្នេរ រួមជាមួយគោលដៅអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៅតែជាគោលដៅសំខាន់ដែលបានស្រូបទាញអ្នកភ្ញៀវទេសចរផ្ទៃក្នុងច្រើនគួរអោយកត់សំគាល់។ 


ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កត់សំគាល់ថា អ្នកទេសចរ ដែលបានធ្វើដំណើរកំសាន្តក្នុងថ្ងៃចុងសប្តាហ៍កន្លង ទៅក្នុងអំឡុងពេលប្រឈមនឹងជំងឺកូវីត១៩នេះ គឺភាគច្រើន មានការចូលរួមអនុវត្តបានត្រឹមត្រូវនូវវិធានសុវត្ថិភាពទេសចរណ៍ និងវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការរក្សាគម្លាត។ ដោយឡែក ការប្រមូលផ្តុំខ្លះ ពិតជានៅតែបន្តកើតមាន តែក្នុងទ្រង់ទ្រាយតូច ក្នុងចំណោមសមាជិកគ្រួសារតែប៉ុណ្ណោះ៕


អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024