ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

នៅតំបន់ប្រាសាទនានា ចាប់ផ្តើមមានភ្ញៀវទេសចរឡើងវិញ ជាមួយនឹងការអនុវត្តវិធានការ ៣ការពារ និង៣កុំ

២៨ មេសា ២០២១ | ព័ត៌មានជាតិ

បន្ទាប់ពីបិទអស់មួយរយៈពេល ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩ រមណីយដ្ឋានអង្គរ បានបើកទទួលអ្នកទេសចរជាតិ និងអន្តរជាតិឡើងវិញហើយ។ តាមសេចក្តីរាយការណ៍របស់អាជ្ញាធរជាតិអប្សរា ការបើករមណីយដ្ឋានអង្គរឡើងវិញ ត្រឹមតែ ១ថ្ងៃ មានភ្ញៀវទេសចរ ចូលទស្សនានៅរមណីយដ្ឋានអង្គរ តាមគោលដៅប្រាសាទនានា មានជិត ៧០០នាក់។

 


តាមសេចក្តីរាយការណ៍របស់អាជ្ញាធរជាតិអប្សរា សម្រាប់ថ្ងៃទី១ នៃការបើកដំណើការរមណីយដ្ឋានអង្គរឡើងវិញ មានភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលទស្សនានៅតាមគោលដៅប្រាសាទនានា សរុបចំនួន ៦៩៦នាក់ និងព្រះសង្ឃ ៥អង្គ។

 


ក្នុងនោះ គ្រាន់តែប្រាសាទអង្គរវត្តមួយមានភ្ញៀវទេសចរចូលទស្សនារហូតដល់ ១១៦នាក់។ យ៉ាងណាមិញ គេសង្កេតឃើញថា ភ្ញៀវទេសចរភាគច្រើនគឺជាភ្ញៀវក្នុងស្រុក ខណៈភ្ញៀវបរទេសមានតិតតួចប៉ុណ្ណោះ ដោយតំបន់ប្រាសាទខ្លះគឺគ្មានភ្ញៀវបរទេសចូលទស្សនាតែម្តង។ 

 


គ្មានភ្ញៀវទេសចរអន្តរជាតិ ដូចដែលប្រិយមិត្តទស្សនិកជនបានជ្រាបហើយថា បញ្ហាជំងឺកូវីដ១៩ជាសកល នៅតែបន្តរាតត្បាត ដែលធ្វើឲ្យជើងហោះហើរនៅក្នុងប្រទេសនីមួយៗ មិនទាន់អាចដំណើការស្រួលបួលពេញលេញនៅឡើយទេ។ ម្ល៉ោះហើយ កម្ពុជាក៏ដូចជាប្រទេសផ្សេងទៀតដែរ ពុំទាន់មានភ្ញៀវទេសចរថ្មីចូលក្នុងប្រទេសនៅឡើយទេ។

 


គួរជម្រាបដែរថា ជាមួយនឹងការចាប់ផ្តើមបើករមណីយដ្ឋានអង្គរ ស្របទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការបង្ការធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ១៩ ។

 


សម្រាប់មន្ត្រីភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ អាជ្ញាធរជាតិអប្សរាបានណែនាំឲ្យអនុវត្តន៍នូវវិធានការ ៣ការពារ ៣កុំ ឲ្យបានជាប់ជាប្រចាំ។ ចំពោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មុនពេលចូលទស្សនាប្រាសាទគឺតម្រូវឲ្យពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល និងស្គេនកម្មវិធី QR Code ចុះឈ្មោះដើម្បីទប់ស្កាត់មេរោគកូវីដ១៩។ ជាពិសេសមិនឲ្យមានរូបភាពប្រមូលផ្តុំ ឬការឈរកៀកៗគ្នាឡើយ៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024