ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ការនាំចេញទំនិញរបស់ថៃ នៅតែធ្វើបានល្អ ក្នុងខែមេសា

០៧ មិថុនា ២០២១ | សេដ្ឋកិច្ច

ដោយសារតែតម្រូវការនៅលើទីផ្សារសកលលោក ចាប់ផ្តើមប្រសើរឡើងវិញ ការនាំចេញទំនិញរបស់ប្រទេសថៃ នៅក្នុងខែមេសាកន្លងទៅនេះ សម្រេចបានជាង ២០ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ១៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។


របាយការណ៍ផ្លូវការពី ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញទៀតថា ការកើនឡើងនូវការនាំចេញដ៏ខ្ពស់ក្នុងខែមេសា ឆ្នាំ២០២១នេះ គឺជាកំណើនដ៏ខ្ពស់បំផុតមួយ នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។


មន្ត្រីនៃក្រសួងពាណិជ្ជកម្មថៃ បានលើកឡើងថា ការនាំចេញមានកំណើនល្អនេះ គឺរុញច្រានដោយការនាំចេញរថយន្ត និងគ្រឿងបង្គុំ កៅស៊ូ កុំព្យូទ័រ និងប្រេង។
លោក បន្តថា ទីផ្សារនាំចេញសំខាន់ៗ រីកកាន់តែធំ ដោយសារតែ កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅតាមបណ្តាប្រទេសជាច្រើន បានជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។

 

ការនាំចេញទំនិញរបស់ថៃ ទៅកាន់ទីផ្សារប្រទេសចិន មានការកើនឡើងដល់ទៅ ២១% ហើយទៅទីផ្សារអាមេរិក កើនឡើង ៩% និងទីផ្សារអឺរ៉ុប កើន ៥២%។
បើគិតចាប់ពីខែមករា ដល់ខែមេសា ការនាំចេញទំនិញរបស់ថៃ កើនឡើង ៤% ហើយការនាំចេញមកវិញ កើនឡើង ១៣% ដែលធ្វើឲ្យថៃ សម្រេចនូវអតិរេកពាណិជ្ជកម្មជិត ៧០០លានដុល្លារអាមេរិក។

 


សូមជម្រាបផងដែរថា កាលពីឆ្នាំ ២០២០កន្លងទៅ ក្រសួងពាណិជ្ជកម្មថៃ បានកំណត់គោលដៅកំណើននៃការនាំចេញឲ្យបាន ៤% នៅក្នុងឆ្នាំ ២០២១នេះ ប៉ុន្តែអ្វីៗត្រូវប្រែប្រួលដោយសារតែវិបត្តិមេរោគកូវីដ១៩ ដែលការនាំចេញទំនិញ គឺជាកត្តាស្រោចស្រង់សេដ្ឋកិច្ចជាតិដ៏សំខាន់អំឡុងពេលនេះ ខណៈវិស័យទេសចរណ៍ ត្រូវបានជាប់គាំងដោយសារតែវិបត្តិមេរោគកូវីដ១៩ទៅហើយ៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024