ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ចម្ការឈើដាំធំជាងគេនៅកម្ពុជា សម្រុកដាំឈើអាជីវកម្ម ១០លានដើម ខណៈកំពុងមានតម្រូវការខ្លាំង

២៨ ឧសភា ២០២១ | ព័ត៌មានជាតិ

ចម្ការឈើដាំដ៏ធំជាងគេនៅកម្ពុជា ក្នុងភូមិសាស្ត្រខេត្តក្រចេះ គ្រោងដាំប្រភេទឈើអាជីវកម្ម ១០លានដើមលើផ្ទៃដីជិត ១ម៉ឺនហិកតាបន្ថែមទៀត នៅឆ្នាំ២០២១នេះ។ ការសម្រុកដាំកូនឈើប្រភេទប្រេងខ្យល់ សម្រាប់ការធ្វើអាជីវកម្មនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើក្នុងវិស័យឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ សម្រាប់បម្រើឲ្យការសាងសង់សំណង់ផ្សេងៗ។

 


ខណៈរដូវវស្សាបានចាប់ផ្តើមសម្បូណ៌ដោយទឹកភ្លៀង ដែលអំណោយផលដល់ការដាំដុះ ចម្ការឈើដាំដ៏ធំជាងគេនៅកម្ពុជា បានសម្រុកដាំកូនឈើប្រភេទប្រេងខ្យល់សម្រាប់ការធ្វើអាជីវកម្មដោយនៅឆ្នាំ២០២១នេះ ក្នុងរយៈពេល ៤ខែពីខែឧសភា ដល់ខែសីហា គ្រោងនឹងដាំកូនដើមប្រេងខ្យល់ នៅលើផ្ទៃដីទំហំ ៨៥០០ហិកតា ស្មើនឹងកូនឈើប្រមាណ ១០លានដើម។ នេះជាការឲ្យ ដឹងពីក្រុមហ៊ុនស៊ីងបាយអូថេក ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលវិនិយោគចម្ការឈើដាំលើផ្ទៃដីប្រមាណ ៣ម៉ឺន៤ពាន់ហិកតា។

 


ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ក្រុមហ៊ុននេះបានដាំកូនឈើប្រភេទប្រេងខ្យល់បានប្រមាណ ៣.៦លានដើមរួចហើយ ដែលជាការចាប់ផ្តើមដំបូង។ ជាមួយបទពិសោធមានស្រាប់ ក្រុមហ៊ុននឹងបង្កើនល្បឿននៃការដាំដុះដោយក្នុងឆ្នាំ២០២១នេះឱ្យបាន ១០លានដើម ហើយតាមផែនការគ្រោងទុកការដាំដុះជំហានទី១ ប្រមាណ ១០០លាន ទៅ ១២០លានដើម គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ខាងមុខ។

 


អ្នកវិនិយោគចម្ការឈើដាំមួយនេះ បានបញ្ជាក់ថា ការសម្រុកដាំកូនឈើប្រភេទប្រេងខ្យល់សម្រាប់ការធ្វើអាជីវកម្មនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើក្នុងវិស័យឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ ដែលកំពុងតែត្រូវការឈើកែច្នៃខ្លាំង សម្រាប់បម្រើឱ្យការសាងសង់សំណង់ផ្សេងៗយ៉ាងច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។ 

 


រាជរដ្ឋាភិបាលកម្ពុជា  តាមរយៈក្រសួងបរិស្ថាន បានបង្ហាញការគាំទ្រលើផ្នែកកសិឧស្សាហកម្មចម្ការឈើដាំនេះ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែជំរុញឱ្យមានការវិនិយោគចម្ការឈើដាំឱ្យបានច្រើន ដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព។ 

 


ឯកឧត្តមបានបន្តថា ចម្ការឈើដាំដែលបាននិងកំពុងរីកដុះដាលនៅកម្ពុជានឹងជួយកាត់បន្ថយការនាំចូលវត្ថុធាតុដើមឈើកែច្នៃពីបរទេស និងបង្កើតប្រភពឈើប្រើប្រាស់ប្រកបដោយ និរន្តរភាពនៅក្នុងស្រុក។ មិនតែប៉ុណ្ណោះ ការវិនិយោគចម្ការឈើដាំកាន់តែច្រើន នឹងជាដំណោះស្រាយមួយក្នុងការកាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិផងដែរ៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ផ្តល់ដោយជំនាញ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024