ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

ក្រសួងបរិស្ថាន អបអរសាទរស្រុកបន្ទាយស្រី ដែលអាចម្ចាស់ការលើការងារគ្រប់គ្រងសំរាមដោយខ្លួនឯងបានទាំងស្រុង

៣១ ឧសភា ២០២១ | ព័ត៌មានជាតិ

ក្រសួងបរិស្ថាន បានប្រកាសអបអរសាទរស្រុកបន្ទាយស្រី ដែលអាចម្ចាស់ការលើការងារគ្រប់គ្រងសំរាមដោយខ្លួនឯងបានទាំងស្រុង។ ការអបអរនេះ បន្ទាប់ពីអភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា ដំណើរការសាកល្បងសេវាប្រមូលសំរាម នៅតាមភូមិ បានយ៉ាងរលូនអស់រយៈពេល ៥ខែរួចមកហើយ។

 


ក្រសួងបរិស្ថាន អបអរសាទររដ្ឋបាលស្រុកបន្ទាយស្រី បន្ទាប់ពីស្រុកនៅលើទឹកអង្គរមួយនេះ  បានប្រកាសនាពេលថ្មីៗនេះថា ទីបំផុតអ្នកភូមិព្រះដាក់អាចម្ចាស់ការលើការងារគ្រប់គ្រងសំរាមនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយខ្លួនឯងផ្ទាល់ បានទាំងស្រុងហើយ បន្ទាប់ពីដាក់ឱ្យដំណើរការសាកល្បងបានយ៉ាងរលូនអស់រយៈពេល ៥ខែរួចមក។

 


លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងថា ការខិតខំប្រឹងប្រែងបង្កើតសេវាប្រមូលសំរាមនៅតាមភូមិ ក្រោមរូបមន្ត «សហគមន៍ស្វ័យគ្រប់គ្រង» ក្នុងរយៈពេលកន្លងមកបានហុចផ្លែផ្កាឱ្យជាវិជ្ជមាន ដែលក្នុងនោះសូចនាករសំខាន់ៗដូចជា ភាពស្អាតឋិតថេរជាប្រចាំនៅក្នុងភូមិ និងការបង់កម្រៃសេវាបានទៀងទាត់ពីសំណាក់អ្នកភូមិ បានស្តែងចេញពីភាពជោគជ័យបឋមនៅក្នុងជំហានដំបូងៗនេះ។ 

 


លោកបានបញ្ជាក់ថា «សហគមន៍ស្វ័យគ្រប់គ្រង» គឺជាទម្រង់ប្រមូលសំរាមមិនមែនដើម្បីប្រាក់ចំណេញមួយ ដែលសហគមន៍ត្រូវបានផ្តល់ស្វ័យភាពក្នុងការគ្រប់គ្រង និងប្រមូលថ្លៃសេវាក្នុងអត្រាទាបសមរម្យ តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរមូលដ្ឋានដដែល។ តំណាងសហគមន៍បានប្រមូលថ្លៃសេវាប្រមូលសំរាមពីពលរដ្ឋ សម្រាប់គ្រួសារធម្មតាក្នុង ១គ្រួសារ ៤ពាន់រៀល។ ចំណែក ពលរដ្ឋជាអាជីវកម្ម ឬអ្នកលក់ដូរខ្នាតធំថ្លៃសេវាចាប់ពី ១ម៉ឺនរៀល ទៅ៣ ម៉ឺនរៀល។

 


ចំពោះប្រាក់ចំណូលដែលនៅសេសសល់នឹងត្រូវយកទៅប្រើប្រាស់ក្នុងការពង្រឹងប្រសិទ្ធភាព និងយន្តការនៃការប្រមូលសំរាម ដូចជាការដាក់ពង្រាយធុងសំរាមបន្ថែម ទិញឧបករណ៍សម្ភារៈប្រមូល ពង្រីកកំលាំងអ្នកប្រមូលសំរាម និងរៀបចំឯកសណ្ឋានសម្រាប់កម្មកររបស់សហគមន៍ជាដើម។ 


អភិបាលស្រុកវ័យក្មេងរូបនេះ សង្ឃឹមជឿជាក់ថា តាមរយៈរូបមន្តនេះ នឹងអាចមានប្រសិទ្ធភាព ការទទួលខុសត្រូវច្បាស់លាស់ ប្រកបដោយនិរន្តរភាពយូរអង្វែង ហើយនឹងអាចពង្រីកវិសាលភាពនៃការប្រមូលសំរាមក្រោមទម្រង់បែបនេះទៅកាន់ភូមិដទៃទៀតនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

 


រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលស្រុកបន្ទាយស្រី និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកបន្ទាយស្រីទាំងអស់ ដែលបានគិតគូរ និងចូលរួមអនុវត្តអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរធ្វើឱ្យភូមិឋាន និងសហគមន៍ មានសោភ័ណភាពស្អាត មានផាសុខភាពសម្រាប់ការរស់នៅ និងជាទីទាក់ទាញភ្ញៀវទេសចរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ស្រុកបន្ទាយស្រីបានផ្តល់នូវគំរូល្អមួយសម្រាប់ការអនុវត្តការគ្រប់គ្រងសំណល់រឹងក្នុងទីប្រជុំជននៅកម្ពុជា៕


អត្ថបទ៖ អឿន  ភារ៉ា     រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024