ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

ក្រសួងបរិស្ថានប្រើឈើ ដែលរឹបអូសបានជាង ១ពាន់ម៉ែត្រគូបធ្វើក្តារមឈូស សម្រាប់ដាក់សពស្លាប់ដោយជំងឺកូវីដ

១៣ កក្កដា ២០២១ | ព័ត៌មានជាតិ

ក្រសួងបរិស្ថាន បាន និងកំពុងចាប់ផ្តើមធ្វើក្តារមឈូសពីឈើសរុបប្រមាណជាង ១.៣០០ម៉ែត្រគូប ដែលរឹបអូសបាន អំឡុងពេលបង្ក្រាបបទល្មើសធនធានធម្មជាតិពីឆ្នាំ២០២០ និងឆ្នាំ២០២១។ ឈើទាំងនេះ  អាចផលិតក្តារមឈូស បានប្រមាណជាង  ១ ០០០  និងត្រូវជូនគណៈកម្មការជាតិប្រឆាំងនឹងជំងឺកូវីដ ១៩ ដើម្បីចាត់ចែងដាក់សព ស្លាប់ដោយជំងឺកូវីដ១៩។

 


ឈើ ដែលក្រសួងបរិស្ថានរឹបអូស បានជាង ១.៣០០ម៉ែត្រគូប រឹបអូសបានពីបទល្មើសធនធានធម្មជាតិក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ បាននិងកំពុងកែច្នៃធ្វើជាមឈូស សម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមការឲ្យដឹងពីឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។


ឯកឧត្តម នេត្រ ភក្ត្រា បានប្រាប់ភីអិនអិនថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា មន្ទីរបរិស្ថានខេត្តចំនួន១៧ បានផលិតក្តារមឈូសបានចំនួនជាង ៤០០ និងបានកំពុងបន្តការផលិតបន្ថែមទៀត។ ឯកឧត្តម បានបញ្ជាក់ថា ឈើដែលរឹបអូសបានក្នុង ក្របខ័ណ្ឌ ក្រសួងបរិស្ថាន  អាចផលិតក្តារមឈូស បានប្រមាណជាង  ១ ០០០ ក្តារមឈូស ហើយ នឹងត្រូវប្រគល់ជូនអនុគណៈកម្មការគ្រប់គ្រងសពអ្នកជំងឺកូវីដ១៩ ដើម្បីសម្របសម្រួល ចាត់ចែង និងប្រើប្រាស់សម្រាប់ដាក់សពស្លាប់ដោយសារជំងឺកូវីដ១៩។

 


មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានបន្តថា នេះមិនមែនជាការបន្លាច មិនមែនប្រមាថ ហើយក៏មិនមែនជាក្តីសុបិន្តដែរ តែវាជាការពិត ខណៈឥឡូវនេះអត្រានៃការស្លាប់ដោយសារជំងឺកូវីដប្រចាំថ្ងៃចន្លោះពី ២០ ទៅ៣០នាក់។ ឯកឧត្តមបានបន្ថែមថា នេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរ ហើយក៏ដូចជាការរក្សាកិត្តិយស និងជាការគោរពដល់សពឲ្យមានមឈូសត្រឹមត្រូវ ដោយសម្តេចបានមានប្រសាសន៍ថា «ទោះបីជាប្រទេសយើងក្រ តែមិនត្រូវឲ្យពលរដ្ឋខ្មែរយើងស្លាប់ដោយអណោចអធមឡើយ»៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024