ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

ក្រសួងបរិស្ថាន បន្តពិនិត្យសំណើសម្រួលព្រំតំបន់ការពារធម្មជាតិ ដើម្បីកាត់ឆ្វៀលឲ្យពលរដ្ឋដែលអាស្រ័យផលយូរឆ្នាំ

២៧ កញ្ញា ២០២១ | ព័ត៌មានជាតិ

មកដល់ពេលនេះ មានខេត្តមួយចំនួនហើយ ដែលបានបញ្ចប់ការស្រង់ទិន្នន័យដី ដែលប្រជាពលរដ្ឋ បានប្រើប្រាស់ និងអាស្រ័យផលយូរឆ្នាំ នៅតំបន់ការពារធម្មជាតិ។ ក្នុងនោះ ខេត្តកោះកុង ខេត្តកែប និងឧត្តរមានជ័យ បានបញ្ចប់ការការស្រង់ទិន្នន័យ ខណៈខេត្តមួយចំនួនទៀត ក្រសួងកំពុងបន្តពិនិត្យសំណើសម្រួលព្រំតំបន់ការពារធម្មជាតិ ដើម្បីកាត់ឆ្វៀលឲ្យពលរដ្ឋ។

 


រយៈពេល ១ឆ្នាំមកនេះ ក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយក្រសួងបរិស្ថាន បានចុះសិក្សាពិនិត្យ និងចងក្រងទៅលើទិន្នន័យដី របស់ប្រជាពលរដ្ឋដែលកំពុងតែប្រើប្រាស់ អាស្រ័យផល នៅក្នុងតំបន់អភិរក្ស ជាពិសេសក្នុងក្របខណ្ឌក្រសួងបរិស្ថាន គឺក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃ ឧទ្យានជាតិ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ការពារទេសភាព តំបន់បេតិកភ័ណ្ឌ ជាដើម។ 


រហូតមកដល់ពេលនេះ ខេត្តដែលបានបញ្ចប់កិច្ចការងារនេះ មានដូចជាខេត្តកោះកុង ខេត្តកែប ខេត្តឧត្តរមានជ័យ និងមួយចំនួនទៀត អន្តរក្រសួងបាននិងកំពុងពិនិត្យទៅលើសំណើការសម្រួល ព្រំតំបន់ការពារធម្មជាតិ ដើម្បីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកាន់កាប់ និងអាស្រ័យផលយូរឆ្នាំមកហើយ។ នេះជាការឲ្យដឹងពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន។

 


ឯកឧត្តមបានឲ្យដឹងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រកាសដាក់ឲ្យប្រើប្រាស់ និងផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន លើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជា  ឆ្នាំ២០១៨» នៅថ្ងៃទី២៣ ខែកញ្ញា។


បើតាមឯកឧត្តម នេត្រ ភក្ត្រា នៅរយៈពេលចុងក្រោយនេះ ជនខិលខូចមួយចំនួនបានលួចកាន់កាប់ ទន្ទ្រានដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់។ បញ្ហានេះ ក្រសួងបានកំណត់ អត្តសញ្ញាណជនទាំងនោះ និងចងក្រងឯកសារផ្សេងៗ ដើម្បីបញ្ជូនទៅតុលាការ។ 

 


មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឲ្យដឹងបន្ថែមថា គ្រាន់តែនៅតំបន់ឧទ្យានជាតិព្រះមុន្នីវង្សបូកគោមួយ ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ឃើញថាមានការលួចកាន់កាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ចំនួន ២០១ករណី ដែលមានទំហំផ្ទៃដី ៦១៩ហិកតា។ ហើយជាមួយនឹងតំបន់ការពារផ្សេងៗទៀត ក្រសួងបានពង្រឹងទៅលើការការពារ និងសហការជាមួយ រដ្ឋបាលខេត្ត ធ្វើការដកហូតដីដែលបានទន្ទ្រាន រុករាន កាន់កាប់ មកវិញ និងអនុវត្តទៅតាមច្បាប់ផងដែរ៕

អត្ថបទ៖ អឿន ភារ៉ា   រូបភាព៖ និន សុខលី និងឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024