ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

អ្នកនាំពាក្យ ឲ្យដឹងថា ក្រសួងបរិស្ថាន បន្តជំរុញការបោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិ

២៧ កញ្ញា ២០២១ | ព័ត៌មានជាតិ

ក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងបរិស្ថាន បន្តជំរុញការបោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិ និងតំបន់ឧទ្យានជាតិនានា ដើម្បីសុវត្ថិភាពពីការទន្ទ្រានដោយខុសច្បាប់ និងពង្រឹងប្រសិទ្ធភាពនៃការការពារ។ តែយ៉ាងណា ឯកឧត្តម បានឲ្យដឹងថា ការបោះបង្គោលកំណត់ព្រំដីតំបន់ធម្មជាតិនេះ ក៏ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ។

 


ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងថា ឥលូវនេះក្រសួងបរិស្ថាន បានបោះបង្គោលព្រំនៅតំបន់មួយចំនួនដូចជា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច នៅពាមក្រសោប និងបន្តពិនិត្យ នៅដែនជម្រកសត្វព្រៃកែវសីមា រួមទាំងជំរុញនៅតាមតំបន់ការពារ និងឧទ្យានជាតិផ្សេងទៀត ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ផង ក៏ដូចជាពង្រឹងទៅ លើការគ្រប់គ្រង តំបន់ការពារ ធម្មជាតិស្របទៅតាមច្បាប់។

 


បើតាមឯកឧត្តម នេត្រ ភក្ត្រា តាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានបែងចែកជាបួនតំបន់ គឺតំបន់ស្នូលដែលជាតំបន់ហាមឃាត់មិនអនុញ្ញាតឲ្យចូលនោះទេ ដោយសារជាតំបន់មានជីវចម្រុះសំខាន់ៗ, តំបន់អភិរក្ស ដែលជាតំបន់ទ្រនាប់នៅតំបន់ស្នូល, តំបន់ប្រើប្រាស់ច្រើនយ៉ាង និងតំបន់សហគមន៍៕

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ និន សុខលី និងឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024