ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

សាលារាជធានីភ្នំពេញ បង្កើតផ្លូវថ្មី២ខ្សែឆ្ពោះទៅពហុកីឡដ្ឋានមរតកតេជោ ដើម្បីបញ្ចៀសការកកស្ទះ

២១ ឧសភា ២០២០ | កីឡា

ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ត្រៃយ៍ ក្រោមការដឹកនាំអង្គប្រជុំដោយឯកឧត្តមបណ្ឌិត ថោង ខុន  អនុប្រធានអចិន្ត្រៃយ៍ CAMSOC ដើម្បីពិនិត្យ និងពន្លឿនការងាររបស់គណៈកម្មការជំនាញរៀបចំស៊ីហ្គេម លើកទី៣២ ក្នុងនោះសាលារាជធានីភ្នំពេញ បានបង្ហើបអំពីផ្លូវថ្នល់ថ្មីចំនួន២ខ្សែ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីបញ្ចៀសការកក់ស្ទះ។

 


បន្ទាប់ពីចប់អង្គប្រជុំប្រចាំសប្ដាហ៍ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានរៀបរាប់ អំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីក្នុងរាជធានីភ្នំពេញឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលឯកឧត្តម ហួត ហៃ អភិបាលរងសាលារាជធានីភ្នំពេញ បានផ្តល់ពត៌មានជូន។

 


«សាលារាជភ្នំពេញ ដែលមានឯកឧត្ដម ហួត ហៃ អភិបាលរងសាលារាជធានីភ្នំពេញ បានចូលរួមនិងផ្ដល់ជាព័ត៌មាន ដែលពាក់ព័ន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីក្នុងរាជធានីភ្នំពេញឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទនៃដែលមានប្រជាពលរដ្ឋ ឬក៏មហាជន ធ្វើដំណើរព្រមគ្នាជាង ៥ទៅ៦ម៉ឹននាក់ក្នុងពេលតែមួយ ដូច្នេះយើងត្រូវការរៀបចំឲ្យមានផ្លូវអតិភាព សម្រាប់ធ្វើការតភ្ជាប់ទៅឲ្យដល់ពហុកីឡាដ្ឋានមរតកតេជោ ចឹងឯកឧត្ដមអភិរងបានមានប្រសាសន៍ហើយគឺ សាលារាជធានីភ្នំពេញបានរៀបចំគម្រោងរួចហើយ ហើយសម្រាប់២ផ្លូវនេះគឺជួយរំដោះផ្លូវជាតិលេខ៦ ដើម្បីកុំឲ្យកក់ស្ទះ»។

 


គួរបញ្ជាក់ថា ផ្លូវអទិភាពសម្រាប់ការតភ្ជាប់ដែលសាលារាជធានីភ្នំពេញបានរៀបចំគម្រោងរួចហើយនូវការសាងសង់ផ្លូវថ្មីចំនួន២ខ្សែនេះ គឺខ្សែទី១ភ្ជាប់ពីផ្លូវ OCIC ឆ្ពោះទៅវិមានឈ្នះឈ្នះ និងខ្សែទី២ ជាផ្លូវស្របតាមដងទន្លេសាបពីស្ពានជ្រោយចង្វារ ឆ្ពោះទៅដល់ស្ពានឧកញ៉ាលីយ៉ុងផាត់ សម្រាប់ផ្លូវទាំង២ខ្សែនេះគ្រោង សាងសង់ឲ្យរួចរាល់នៅក្នុងឆ្នាំ២០២២ ពោលគឺមុនការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕


អត្ថបទ៖ តាំង លីហួរ

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024