ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

CAMSOC ស្នើគណៈកម្មការជំនាញ ២  រៀបចំកិច្ចការពាក់ព័ន្ធស៊ីហ្គេម ២០២៣ ផ្សាយតាមទូរទស្សន៍ក្នុងស្រុក

២៧ ឧសភា ២០២០ | កីឡា

ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ២០២៣ ហៅកាត់ CAMSOC បានស្នើគណៈកម្មការជំនាញ ២ រួមមាន គណៈកម្មការផ្សព្វផ្សាយ និង ព័ត៌មាន រួមនឹងគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ត្រូវចាប់ផ្តើមការងាររបស់ខ្លួនមួយចំនួន ពាក់ព័ន្ធនឹងស៊ីហ្គេម ២០២៣ ដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍នានាក្នុងស្រុក ឱ្យបានយ៉ាងយូរ ត្រឹមខែមិថុនាខាងមុខនេះ។


ការងារពាក់ព័ន្ធមួយចំនួន ដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើ ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នាព្រឹកថ្ងៃទី ២៦ ឧសភា មានដូចជា ការផលិតវីដេអូខ្លីៗជាដើម ដើម្បីចាក់ផ្សាយជូនប្រជាពលរដ្ឋទូទាំងប្រទេស បានយល់ជ្រាបកាន់តែច្បាស់ នឹងរួមគ្នាគាំទ្រពីការត្រៀមខ្លួនរបស់កម្ពុជា រៀបចំព្រឹត្តិការណ៍កីឡា ២ឆ្នាំម្តង ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

 


ប្រធាន NOCC ឯកឧត្តម ថោង ខុន បង្ហាញជំនឿចិត្តថា ការងារនេះនឹងពុំពិបាកពេកនោះទេ ដ្បិតក្រសួងព័ត៌មានបច្ចុប្បន្ន មានសមាគមទូរទស្សន៍ក្រោមបង្គប់ស្រាប់ ដូច្នេះការងារផ្សព្វផ្សាយនេះ នឹងអាចដំណើការបានយ៉ាងរលូន។


«យើងត្រូវធ្វើ និងរៀបចំការងារផលិតវីដេអូ ទាំងការធ្វើជាស្ប៉តក្តី ទាំងបទសម្ភាសក្តី គឺយើងត្រូវផ្តើមធ្វើវា ដើម្បីយកមកផ្សព្វផ្សាយតាមទូរទស្សន៍នាន។ វាជាស្មារតីមួយ អ៊ីចឹងយើងត្រូវធ្វើកម្មវិធីផ្សាយតាមទូរទស្សន៍ ព្រោះមកពេលនេះមិនទាន់មានទេ យ៉ាងហោចណាស់ ត្រូវផ្តើមពីខែមិថុនានេះតទៅ។ កម្មវិធីនេះអត់អីលំបាកទេ។ បញ្ហាហិរញ្ញវត្ថុក៏អត់ចោទដែរ អ៊ីចឹងចុះទៅសម្ភាសន៍គាត់ទៅថា អ្វីដែលគាត់កំពុងធ្វើហ្នឹង គឺដើម្បីអបអរសាទរស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ អ្វីដែលគាត់ធ្វើ គឺឆ្ពោះទៅរកអាហ្នឹង។ អ្វីដែលគាត់ខិតខំ ដូចជាការរើសសំរាម គឺដើម្បីកម្ពុជាស្អាត។ ហើយអ្វីដែលគាត់គោរពច្បាប់ចរាចរណ៍ គឺដើម្បីកម្ពុជាគ្មានគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ២០២៣។ ខាងគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ធ្វើមក រួចបោះជូនគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ឱ្យបើកច្រកឱ្យ អ៊ីចឹងទូរទស្សន៍ស្រុកយើង ក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មានទាំងអស់ហ្នឹង គឺសមាគមទូរទស្សន៍ជាតិកម្ពុជា យើងជួយផ្សាយ។ យើងផ្សាយទាំងទូរទស្សន៍ខ្សែកាបទៀត។ ផ្សាយដោយដាក់ពាក្យខ្លីមកថា ឆ្ពោះទៅស៊ីហ្គេម ២០២៣ តែប៉ុណ្ណឹងបានហើយ»។

 


ឯកឧត្តម ថោង ខុន ក៏បានផ្តល់យោបល់ផងដែរ ដល់ក្រសួងព័ត៌មាន គួរអញ្ជើញពិធីករ-ការិនី តាមបណ្តាទូរទស្សន៍នានា មកបណ្តុះបណ្តាលបង្កើនការយល់ដឹងពីស៊ីហ្គេម ២០២៣ ដើម្បីឱ្យពួកគេងាយស្រួល ក្នុងការអត្ថាធិប្បាយប្រកបដោយវិជ្ជាជីវៈ និងច្បាស់លាស់ ពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

 

 

គួរបញ្ជាក់ថា នោព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ CAMSOC បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ទី ៤ របស់ខ្លួន។ កិច្ចប្រជុំនេះ មានរបៀបវារៈ ២ ដែលត្រូវលើកយកមកពិភាក្សា។ ទី១ ការធ្វើបទបង្ហាញពីរបាយការណ៍វឌ្ឍភាព គណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា និងគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ។ ទី២ ការពិនិត្យលើកចុងក្រោយ ស្តីពីរូបសញ្ញា LOGO SEA GAMES 2023 ៕


អត្ថបទ និងរូបភាព៖ ងិន មករា

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024