ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

NOCC ផ្អាករៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុនធំ ២ ប្រចាំឆ្នាំ២០២០ ដោយសារ Covid-19

២៩ មេសា ២០២០ | កីឡា

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា  ហៅកាត់ NOCC បានសម្រេចផ្អាកព្រឹត្តិការណ៍រត់ម៉ារ៉ាតុនធំៗប្រចាំឆ្នាំ ២០២០របស់ខ្លួន ដោយពុំរៀបចំនោះទេ ព្រោះ​តែ​បារម្ភពីការរីករាលដាល​ នៃជំងឺរលាកផ្លូវដង្ហើម ដែលបង្ក​ឡើងដោយមេរោគកូវីដ១៩។ 

 

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅ អគ្គលេខាធិការ NOCC ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុនទាំង ២នេះ​មានដូចជា  ពាក់កណ្តាលម៉ារ៉ាតុនភ្នំពេញអន្តរជាតិ និងម៉ារ៉ាតុនចក្រភព​ខ្មែរ ដែលគ្រោងធ្វើនៅខេត្តសៀបរាប។ 

 

 

«យើងទទួលបានការសម្រេចពីឯកឧត្តមបណ្ឌិត ថោង ខុន ប្រធាន  NOCC រួចហើយថា ព្រឹត្តិការណ៍ម៉ារ៉ាតុនធំៗចំនួន ២ ដែលគ្រោងរៀបចំក្នុងឆ្នាំនេះ គឺត្រូវបានផ្អាក និងលើកពេលទៅធ្វើនៅឆ្នាំក្រោយវិញ។ ព្រឹត្តិការណ៍ទាំង ២នោះមានដូចជា ពាក់កណ្តាលម៉ារ៉ាតុនភ្នំពេញអន្តរជាតិ និងម៉ារ៉ាតុនចក្រភពខ្មែរ នៅអង្គរវត្ត។ ដោយមានការសំណូមពរពីអ្នករត់​ ដែលជាជនបរទេស​ប្រមាណជា ៥០ភាគរយឲ្យយើងផ្អាក និង ៥០ភាគរយទៀតឲ្យយើងបញ្ជាក់ពីវិធានការការពាររបស់យើង​ពីខូវីដ១៩ ដូច្នេះយើងសម្រេចថា លើកពេលតែម្តង ឱ្យស្របការការរឹតបណ្តឹងរបស់ក្រសួងសុខាភិបាលពីបញ្ហាកូវីដ១៩នេះ»។

 

 

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២០នេះដែរ កម្ពុជានៅសល់ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុនមួយទៀត ដែលគ្រោងធ្វើនៅខេត្តសៀមរាប នាអំឡុងខែធ្នូចុងឆ្នាំ ២០២០។ យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍មួយនេះ ពុំទាន់ត្រូវបានសម្រេចថាយ៉ាងណានោះទេ ដោយត្រូវរង់ចាំមើលការវិវត្ត​នៃមេរោគកូវីដ១៩នៅកម្ពុជាបន្តទៀត មុននឹងសម្រេច ថាតើត្រូវផ្អាក ឬបន្តរៀបចំ៕

 

អត្ថបទ៖ ងិន មករា  
     
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024