ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

NOCC គ្រោងពិភាក្សាជាមួយ FINA និង CAMSOC ដាក់អាងហែលទឹកនៅអូឡាំពិក ជាទីប្រកួតស៊ីហ្គេម២០២៣

២៨ មេសា ២០២០ | កីឡា

គណៈកម្មាធិការជាតិអូឡាំឡាពិកកម្ពុជា NOCC បានប្រកាសថា ខ្លួននឹងពិភាក្សាជាមួយសហព័ន្ធកីឡាហែលទឹកអន្តរជាតិ​ FINA និងគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម២០២៣ CAMSOC ដើម្បីសិក្សា ពិនិត្យ និងវាយតម្លៃ​អាងហែលទឹក ដែលទើបត្រូវបានបញ្ចប់ការជួសជុលឡើងវិញ ក្នុងតម្លៃជិត ៣លានដុល្លារ ស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងគោលដៅត្រៀមដាក់អាងមួយនេះ​បម្រើ​ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។


បើតាមឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានគូសបញ្ជាក់ថា គម្រោងសិក្សាវាយតម្លៃនេះ  ធ្វើឡើងដើម្បីបែងចែកពីកម្រិតនៃការប្រកួត និងប្រភេទវិញ្ញាសានីមួយៗ ថា​ការប្រកួតវិញ្ញាសាណាខ្លះ ត្រូវធ្វើឡើងនៅអាងហែលទឹកពហុកីឡដ្ឋានមរតកតេជោ ហើយវិញ្ញាសាណាខ្លះ ត្រូវធ្វើឡើងនៅអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក។

 

 

«អាង​ហែល​ទឹក​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​នេះ ឃើញ​ថា​មាន​លក្ខណ្ឌ​ល្អ​ប្រសើរ​មួយ​ ដែលអាចជាទីតាំង​បំពេញ​បន្ថែម​ សម្រាប់​ទីតាំង​ដែល​មាន​ស្រាប់​នៅ​ពហុកីឡដ្ឋាន​មរតក​តេជោ។​ ពេល​ប្រកួត​ស៊ីហ្គេម​ យើង​អាច​នឹង​មាន​ការ​ប្រកួត​ជម្រុះ​ខ្លះ ធ្វើ​នៅ​ទី​នេះ​ ដើម្បី​ទាក់ទាញ​ប្រជាជន​នៅ​កណ្ដាល​ទីក្រុង​ឲ្យ​ចូល​ទស្សនាដែរ។​ អ៊ីចឹងយើងនឹងពិភាក្សាជាមួយ FINA ជាមួយ CAMSOC និង​សហព័ន្ធផ្ទាល់ ដើម្បីសម្រេច​ថា​ អាច​ដាក់​ឲ្យ​ប្រកួត​កម្រិត​មួយ​ណា ឬ​អាច​ថា​លេង​វិញ្ញាសា​ណា​ខ្លះ​ ក្នុងចំណោម​វិញ្ញាសា​ទាំងអស់ ព្រោះ​នៅ​ទីនេះ​មាន​គ្រប់​បែប​តាម​ស្តង់ដារ​ហើយ»។

 

 

គួរបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជាមានអាងហែលទឹកចំនួន ២ ដែលត្រូវបានសាងសង់ និងជួសជុលរួចរាល់ជាផ្លូវការ ស្រមតាមបទដ្ឋាន​កំណត់ដោយសហព័ន្ធកីឡាហែលទឹកអន្តរជាតិ​ ក្នុងនោះ​អាងហែលទឹកស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និងអាងហែលទឹកស្ថិតក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។ អាងទាំង២នេះមានទំហំ​ទទឹង ២៥ម៉ែត្រ និងបណ្តោយ​ ៥០ម៉ែត្រ​ដូចគ្នា៕

 

អត្ថបទ និងរូបភាព៖ ងិន មករា 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024